បុរសជាពលករបម្រើការងារនៅប្រទេសកូរ៉េម្នាក់ បានទទួលដំណឹង តាមរយៈម្ដាយខលមកប្រាប់ថា ប្រពន្ធរបស់គាត់បានចាកចេញ និងបាត់ខ្លួនពីផ្ទះហើយ

ភ្នំពេញ ៖ បុរសរូបនេះបានទៅដល់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នា ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដើម្បីជួបជាមួយអាជ្ញាធរ និងនគរបាលប៉ុស្តិ៍នៅទីនោះ ឲ្យជួយអន្តរាគមន៍ស្វែងរកប្រពន្ធរបស់គាត់ផង។ បុរសរូបនេះមានឈ្មោះ ឈុត វុទ្ធី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិត្រោកលិច ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ចំណែកប្រពន្ធដែលចាកចេញពីផ្ទះបាត់នោះមានឈ្មោះ ភុន សុខឿន អាយុ៣៤ឆ្នាំ មុខរបរជាកម្មការិនីធ្វើការនៅរោងចក្រជិតផ្ទះដែរ។

បុរសជាពលករបម្រើការងារនៅប្រទេសកូរ៉េម្នាក់ បានទទួលដំណឹងតាមរយៈម្ដាយខលមកប្រាប់ឱ្យដឹងថា ប្រពន្ធរបស់គាត់បានចាកចេញ និងបាត់ខ្លួនពីផ្ទះហើយ ។ គ្រាន់តែទទួលបានដំណឹងនេះភ្លាម បុរសរូបនេះក៏សុំច្បប់ថៅកែឈប់មួយរយៈពេល រួចធ្វើដំណើរត្រឡប់មកផ្ទះនៅប្រទេសកម្ពុជាវិញ និងបានកាន់រូបថតតាមស្វែងប្រពន្ធនៅរាជធានីភ្នំពេញ។

បុរសនេះនិយាយប្រាប់ឱ្យដឹងថា គាត់និងប្រពន្ធបានរៀបការជាមួយគ្នាជាង១០ឆ្នាំកន្លងមកហើយ និងបង្កើតបានកូនប្រុសចំនួន២នាក់ ដោយកូនប្រុសច្បងអាយុ១៤ឆ្នាំ និងកូនប្រុសប្អូនអាយុ៦ឆ្នាំ ។ ដោយសារតែកត្តាជីវភាព រូបគាត់បានឃ្លាតចាកឆ្ងាយពីប្រពន្ធនិងកូន ទៅធ្វើជាពលករនៅប្រទេសកូរ៉េរយៈពេល៥ឆ្នាំមកហើយ និងបានផ្ញើលុយឱ្យប្រពន្ធនិងកូនជារៀងរាល់ខែ។

ក្រោយពីទទួលបានដំណឹងនេះភ្លាម រូបគាត់ក៏បានសុំច្បាប់ថៅកែឈប់មួយរយៈ រួចធ្វើដំណើរចាកចេញពីប្រទេសកូរ៉េ ត្រឡប់មកផ្ទះនៅប្រទេសកម្ពុជាវិញ ហើយបានស្វែងរកប្រពន្ធនៅជិតៗផ្ទះដែរ ប៉ុន្តែរកពុំឃើញសោះ។ ក្រោយមក ក៏ទទួលបានដំណឹងថា «ប្រពន្ធគាត់មកធ្វើការនៅភ្នំពេញ» ទើបនៅថ្ងៃទី២៨ ខែតុលានេះ គាត់ក៏ធ្វើដំណើរចេញពីផ្ទះពីខេត្តកំពង់ឆ្នាំង ហើយបានស្វែងរកប្រពន្ធពេញ១ថ្ងៃ រហូតដល់យប់ នៅតែមិនឃើញដដែល។
ក្រោយមក ក៏មានគេប្រាប់ថា «ប្រពន្ធគាត់ធ្វើការនៅម្ដុំចោមចៅ» ទើបនៅថ្ងៃទី២៩ ខែតុលានេះ គាត់ក៏ធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី៣ ដើម្បីជួបជាមួយអាជ្ញាធរ និងនគរបាលប៉ុស្តិ៍នៅទីនោះតែម្ដង ដើម្បីឲ្យជួយអន្តរាគមន៍ស្វែងរកប្រពន្ធរបស់គាត់ផង។

បុរសរូបនេះបានបញ្ជាក់ទៀតថា រវាងគាត់និងប្រពន្ធ មិនដែលមានទំនាស់គ្នានោះទេ តែនាងមានទំនាស់ខ្លះៗជាមួយម្ដាយ និងយាយរបស់គាត់។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏ពុំដឹង និងមិនហ៊ានចោទថា ប្រពន្ធគាត់មានអ្នកថ្មី ឬយ៉ាងណាដែរ? គ្រាន់តែកន្លងមក មានគេឃើញប្រពន្ធគាត់ជិះម៉ូតូជាមួយប្រុសផ្សេង ហើយក៏ពុំដឹងថា តើប្រុសនោះត្រូវជាមិត្តភក្ដិប្រពន្ធ ឬអ្វីឡើយ? ។ ខណៈពេលនេះអ្វីៗដែលគាត់តាមរកនោះ គឺមានបំណងចង់ជួបសួរនាំ និងដោះស្រាយគ្នាឲ្យបានច្បាស់លាស់ថា តើត្រូវបន្តរស់នៅជាមួយគ្នាទៀត ឬត្រូវបញ្ចប់ត្រឹមហ្នឹងប៉ុណ្ណឹង? ហើយមិនត្រូវចាកចោលពីរូបគាត់ទាំងបែបនេះឡើយ៕

អត្ថបទដែលជាប់ទាក់ទង