គួរឱ្យអាណិត! កំព្រាម្ដាយ ឯជីវិតក៏ក្រខ្សត់ ពុកជូនមកបួស តែទើបបាន ៣ ថ្ងៃ ញោមពុកលាចាកលោកចោលទៀត
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងនូវក្ដីអាណិតអាសូរ ដល់សាមណេរមួយអង្គ គង់នៅឯវត្តស្លខ្លាញ់ ស្រុកបវេល ខេត្តបាត់ដំបង ដែលកំព្រាម្ដាយ ហើយទើបតែបួសបាន ៣ ថ្ងៃ ញោមពុកក៏លាចាកលោកចោលទៀត គួរឱ្យអាណិតស្រណោះបំផុត។
ទាក់ទិនទៅនឹងរឿងរ៉ាវដ៏រំជួលចិត្តនេះ បើតាមការឱ្យដឹងពីផេកដែលមានឈ្មោះ YIN VAY PAGE បានបង្ហោះនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ ឱ្យបានដឹងថា មុនដឹងដំណឹងមរណភាព សាមណេរ សាវ៉ាន់ លាភ បាននិមន្តយកបាយទៅឱ្យញោមប្រុស (ឪពុក) ហូប លុះពេលទៅដល់ដាស់ញោមប្រុស គាត់នៅស្ងៀមមិនក្រោកសោះ ក៏ស្ទាបមើលទៅ ញោមផុតដង្ហើមទៅហើយ។
តាមប្រភពបានបន្តឱ្យដឹងថា ឥឡូវនេះសាមណេរ សាវ៉ាន់ លាភ កំព្រាញោមទាំងពីរ ជីវភាពគ្រួសារក្រីក្រលំបាកខ្លាំងណាស់ គ្មានអ្វីទីពឹងទេ ទើបមកបួសដើម្បីរៀនសូត្របន្ត បច្ចុប្បន្នគង់នៅវត្តស្លខ្លាញ់ ស្រុកបវេល ខេត្តបាត់ដំបង ខណៈសពញោមប្រុសរបស់លោកនឹងធ្វើនៅភូមិគោក ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង៕