កំពូលតារាចម្រៀងរ៉េប វណ្ណដា បានបង្ហោះសុំអភ័យទោសប៉ាម៉ាក់ និង ថ្នាក់ដឹកនាំ ចំពោះទង្វើពាក់មួកខណៈមានការចាំទទួលនៅព្រលានព្រឹកមិញ
ពិតណាស់ ក្រោយពីបានសាងកិត្តិយសដ៏អស្ចារ្យជាទីមោទកភាពសម្រាប់កម្ពុជានៅលើទឹកដីប្រទេសបារាំងកាលថ្មីៗកន្លងទៅ មកដល់ព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ នេះ កំពូលតារាចម្រៀងរ៉េប វណ្ណដា ក៏បានធ្វើដំណើរត្រឡប់មកកាន់ទឹកដីប្រទេសកម្ពុជាវិញហើយ ដែលឃើញថាលោកទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតពីមហាជនអ្នកគាំទ្រ សាច់ញាតិបងប្អូនជាច្រើន។
ជាមួយនឹងដំណើរមកដល់កម្ពុជាវិញរបស់កំពូលតារាចម្រៀងរូបនេះដែរ ក៏បានឃើញមានថ្នាក់ដឹកនាំសំខាន់ៗ រួមមាន ឯកឧត្តមបណ្ឌិតថោង ខុន ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញទៅព្រលានយន្តហោះចាំទទួលលោកដោយផ្ទាល់ទៀតផង។
លើសពីនេះ ក្រឡេកទៅមើលសកម្មភាពឪពុកម្ដាយរបស់កំពូលតារាចម្រៀង វណ្ណដា វិញ ក៏បានឃើញទៅចាំទទួលកូនប្រុសបណ្ដូលចិត្តដោយផ្ទាល់នៅព្រលានយន្តហោះដែរ ដោយលោកទាំងពីរចាំទទួលស្វាគមន៍កូនប្រុសពេញដោយស្នាមញញឹមរីករាយភ្ជាប់ជាមួយចិត្តសែនរំភើប និង មោទកភាពបំផុតចំពោះកូនប្រុសផងដែរ។
ជាមួយគ្នានោះ ក្រោយពីត្រឡប់មកដល់មាតុភូមិស្រុកកំណើត និង ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅនេះដែរ ក៏បានឃើញលោក វណ្ណដា បង្ហោះរូបភាពមួយសន្លឹកលើ Story Fb ដែលបានបង្ហាញការសូមអភ័យទោសចំពោះកំហុសរបស់លោកមួយចំណុច គឺទាក់ទងនឹងការពាក់មួកខណៈពេលចុះពីលើយន្តហោះ ដោយមើលទៅហាក់មិនសូវសមរម្យចំពោះការទទួលស្វាគមន៍របស់លោកប៉ាអ្នកម៉ាក់ ព្រមទាំងលោកពូជាថ្នាក់ដឹកនាំផងដែរ។
ក្នុងនោះ លោក វណ្ណដា បានរៀបរាប់ថា ៖ «Surprised by mom and dad at the airport សុំទោសប៉ាម៉ាក់ និង លោកពូ រឿងមួកផង ព្រោះពាក់ជាប់ជិត ២០ ម៉ោងហើយ ក្មួយសូមអភ័យទោសចំពោះកំហុសមួយនេះ។ And thanks everyone for surprised me back and warm welcome»៕