ទឹកចិត្តគ្រូ! លោកគ្រូនៅតែបន្តបង្រៀនសិស្ស វី សុវណ្ណ ដដែល ហើយសំណូមពរមហាជនយោគយល់កុំដាក់បន្ទុកលើក្មេងតទៀត(វីដេអូ)
អាកប្បកិរិយាធាក់តុគ្រូបង្រៀន ដែលប្រព្រឹត្តដោយសិស្សសាលាបឋមសិក្សាភូមិថ្មី ថ្នាក់ទី ៦ (ក) ឈ្មោះ វី សុវណ្ណ កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ បានធ្វើឱ្យមហាជនស្ដីបន្ទោសយ៉ាងខ្លាំង ព្រោះជាឥរិយាបថមិនគប្បីទាល់តែសោះ បន្ទាប់ពីវីដេអូមួយនេះបានបែកធ្លាយ ត្រូវបានគេយកទៅបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម ។
ក្នុងនាមជាគ្រូបង្រៀន ជាអ្នកអប់រំ ផ្ដល់ចំណេះដឹងដល់សិស្សម្នាក់ លោកគ្រូមិនប្រកាន់ទោសអូសដំណើរសិស្ស វី សុវណ្ណ ឡើយ តែផ្ទុយទៅវិញ ក្រោយរឿងរ៉ាវមួយនេះកាន់តែផ្ទុះក្ដៅ រាលដាលពាសពេញបណ្ដាញសង្គម ហើយត្រូវមហាជនជាច្រើនជេរស្ដីដាក់បន្ទុកលើសិស្សបែបនេះ លោកគ្រូបានសំណូមពរដល់សាធារណជនទាំងឡាយ សុំកុំដាក់បន្ទុកលើកូនសិស្សម្នាក់នេះទៀតអី ដ្បិតថារូបគេនៅក្មេងមិនទាន់ចេះគិតពិចារណាឱ្យបានវែងឆ្ងាយឡើយ ម្យ៉ាងដើម្បីកុំឱ្យក្មេងមានអារម្មណ៍ស្ពាយកំហុស ធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តណាមួយ។
មិនត្រឹមតែប៉ុណ្ណោះ លោកគ្រូថ្នាក់ ៦ (ក) ដែលបង្រៀននៅសាលាបឋមសិក្សាភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក៏បានអះអាងថា លោកគ្រូនៅតែបន្តបង្រៀនសិស្សរូបនេះដដែល ឱ្យធ្វើម៉េចបើជាសិស្សទៅហើយ មិនអាចលែងដៃចោលបានទេ លោកគ្រូមានតែខិតខំអប់រំ ណែនាំ និង ផ្ដល់ចំណេះដឹងដល់រូបគេប៉ុណ្ណោះ៕