ពេលនេះលោកគ្រូប្រាប់ពីដើមហេតុដំបូង បណ្ដាលឱ្យសិស្សប្រើឥរិយាបថមិនសមរម្យនេះ(វីដេអូ)
ករណីសិស្សបឋមសិក្សាម្នាក់ មានឈ្មោះថា វី សុវណ្ណ ដែលបានបង្ហាញអាកប្បកិរិយាមិនសមរម្យ ដោយធាក់តុលោកគ្រូកំពុងតែបង្រៀន កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ បានបង្កឱ្យមហាជនមានការប្រតិកម្មចំពោះទង្វើអសីលធម៌ ការប្រើប្រាស់ឥរិយាបថមិនសមរម្យមួយនេះជាខ្លាំង នៅពេលវីដេអូនេះ ត្រូវបានលោកគ្រូជាប់ថ្នាក់នេះ យកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក។
យ៉ាងណាមិញ ករណីសិស្ស វី សុវណ្ណ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ត្រូវបានការិយាល័យអប់រំ យុវជន និង កីឡា ស្រុកជលគិរី អប់រំណែនាំ ដើម្បីបញ្ឍប់ទង្វើអគប្បីទាំងឡាយចំពោះលោកគ្រូ ហើយត្រលប់មកប្រឹងប្រែងសិក្សារៀនសូត្រ ធ្វើជាសិស្សល្អវិញ។
ដោយឡែកបើត្រលប់ទៅស្ដាប់ដើមចមនៃរឿងរ៉ាវមួយនេះវិញ លោកគ្រូទទួលបន្ទុកថ្នាក់ ៦ (ក) ខាងលើ បានរៀបរាប់ប្រាប់សារព័ត៌មាន Rumduol TV ថា រឿងហេតុកើតឡើងពីការប្រឡងប្រចាំខែ ដោយសិស្ស វី សុវណ្ណ ប្រឡងមិនបានពិន្ទុល្អ ទើបមានការខឹងសម្បារ និង គុំកួនលោកគ្រូ ទើបក្រោយមកលោកគ្រូបានធ្វើការអប់រំណែនាំ រហូតឈានដល់ការឈ្លោះប្រកែកពាក្យសម្ដីគ្នា ហើយសិស្សខាងលើក៏បង្ហាញកាយវិការមិនសមរម្យ (ធាក់តុគ្រូ) តែម្ដង។
ទោះជាយ៉ាងណា លោកគ្រូអះអាងថា លោកគ្រូនៅតែបន្តបង្រៀនអប់រំ ណែនាំសិស្សឈ្មោះ វី សុវណ្ណ ដដែល ហើយលើសពីនេះលោកគ្រូក៏សូមសំណូមពរឱ្យមហាជនទាំងអស់ កុំដាក់បន្ទុកលើសិស្សបន្ថែមទៀត ដើម្បីកុំឱ្យក្មេងមានអារម្មណ៍តូចចិត្តណាមួយ យើងគួរតែរួមគ្នាអប់រំណែនាំវិញទើបជាការប្រសើរ។ សូមទស្សនាវីដេអូខាងក្រោម ៖
ប្រភព៖ Romdoul TV