ករណីសិស្សទំនើងថ្នាក់ទី ៦ ធាក់តុគ្រូនៅកំពង់ឆ្នាំង ត្រូវការិយាល័យអប់រំប្រគល់ឱ្យស្រុកចាត់ចែងហើយ
កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបាននាំគ្នាសម្ដែងក្ដីមិនពេញចិត្តមួយ ក្រោយបានទស្សនាវីដេអូបង្ហាញពីសកម្មភាពសិស្សសាលាបឋមសិក្សាម្នាក់មានអត្តចរិតមិនល្អ ដោយបានធាក់តុគ្រូបង្រៀនរបស់ខ្លួនប្រកបដោយអាកប្បកិរិយាកោងកាចនៅក្នុងថ្នាក់រៀន នៃសាលាបឋមសិក្សាមួយកន្លែងស្ថិតក្នុងខេត្តកំពង់ឆ្នាំង។
ទាក់ទិនទៅនឹងរឿងនេះ បើតាមរយៈការិយាល័យអប់រំ យុវជន និង កីឡា នៅព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៤ នេះ បានជូនដំណឹងថា ការិយាល័យអប់រំបានជូនដំណឹងនេះទៅកាន់អភិបាលស្រុកឱ្យជ្រាបជាព័ត៌មានរួចហើយ និង សូមឱ្យខាងស្រុកជួយដោះស្រាយលើករណីសិស្សថ្នាក់ទី ៦ មួយរូបនេះផងដែរ ដែលបានប្រើប្រាស់ឥរិយាបថមិនសមរម្យបែបហិង្សាមកលើគ្រូបង្រៀន។ តាមលិខិតបានបញ្ជាក់ពីហេតុការណ៍ឱ្យបានដឹងទៀតថា សិស្សទំនើងរូបនេះមានឈ្មោះ រី សុវណ្ណ ភេទប្រុស រូបគេបានប្រើអាកប្បកិរិយាបែបហិង្សាមកលើគ្រូបង្រៀនក្នុងបន្ទប់រៀន ដោយរត់មកធាក់តុគ្រូ និង សម្តែងចរិតចង់វាយគ្រូ។
គួរឱ្យដឹងដែរថា សិស្សខាងលើនេះជាសិស្សរៀនថ្នាក់ទី ៦ (ក) នៃសាលាបឋមសិក្សាភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំ កំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មានឪពុកឈ្មោះ វុត រី ម្តាយឈ្មោះ ប៉ក់ ទុំ ដែលមានទីលំនៅភូមិ ភូមិថ្មី ឃុំ កំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលហេតុការណ៍នេះកើតឡើងនាពេលរសៀលថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៤ ម្សិលមិញនេះ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖