អាជ្ញាធរជប៉ុន បានជំរុញឱ្យពលរដ្ឋឈប់ស្លន់ស្លោនាំគ្នាសម្រុកទៅទិញគ្រឿងបរិក្ខារចាំបាច់ ក៏ដូចជាស្បៀងអាហារនានា ក្រោយឮការព្រមានពីហានិភ័យកើតឡើងនៃមហាគ្រោះរញ្ជួយដី
អាជ្ញាធរជប៉ុន បានជំរុញឱ្យពលរដ្ឋឈប់ស្លន់ស្លោនាំគ្នាសម្រុកទៅទិញគ្រឿងបរិក្ខារចាំបាច់ ក៏ដូចជាស្បៀងអាហារនានា ក្រោយឮការព្រមានពីហានិភ័យកើតឡើងនៃមហាគ្រោះរញ្ជួយដី។ កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងកសិកម្ម និង នេសាទប្រចាំប្រទេសជប៉ុន បានអំពាវនាវឱ្យពលរដ្ឋទាំងអស់កុំនាំគ្នាសម្រុកទៅទិញទំនិញស្តុកទុកហួសហេតុពេក ក្រោយវេបសាយរបស់ហាងលក់ទំនិញមួយចំនួន បានប្រកាសដាច់អីវ៉ាន់ជាច្រើនក្នុងស្តុក មិនគ្រប់តម្រូវការរបស់ភ្ញៀវ។
ជាក់ស្ដែង នៅថ្ងៃទី ១០ ខែសីហា ដដែលនោះ នៅក្រៅផ្សារទំនើបមួយកន្លែងក្នុងក្រុងតូក្យូ បានបិទលិខិតប្រកាសមួយ ដោយធ្វើការសុំទោសដល់អតិថិជនទាំងអស់ ដោយផលិតផលមួយចំនួនបានអស់ពីស្តុក។ ក្នុងនោះដែរ ខាងហាងក៏បានចាប់ផ្ដើមកំណត់ចំនួនលក់ឱ្យភ្ញៀវ ដោយសរសេររៀបរាប់ថា៖ «ពួកយើងនឹងធ្វើការកំណត់ចំនួនផលិតផលលក់ឱ្យអតិតថិជនម្នាក់ៗ»។
ពួកគេបានដាក់វិធានការតឹងរឹងជាងគេលើផលិតផលទឹកសុទ្ធ ដោយភ្ញៀវម្នាក់អនុញ្ញាតឱ្យទិញតែមួយយួរប៉ុណ្ណោះ (៦ ដប)។ ដោយឡែក លើវិបសាយក្រុមហ៊ុន Rakuten វិញ ក៏បានលើកឡើងដែរថា បង្គន់ចល័ត អាហារវិចខ្ចប់ស្រាប់ៗ និងទឹកសុទ្ធ គឺជាផលិតផលដែលលក់ដាច់ជាងគេបំផុត។
គួរបញ្ជាក់ដែរថា ស្ថានភាពសម្រុកទៅទិញស្បៀងអាហារ ក៏ដូចជាឧបករណ៍ចាំបាច់ទុកនេះ កើតមានឡើងក្រោយខាងភ្នាក់ងារឧតុនិយមប្រចាំប្រទេសជប៉ុន JMA ដាក់ចេញការព្រមានលើកដំបូងបំផុត ជុំវិញហានិភ័យខ្ពស់ជាងធម្មតា នៃការកើតមានមហាគ្រោះរញ្ជួយដីនៅជុំវិញអន្លង់ Nankai។ រដ្ឋាភិបាលប្រទេសជប៉ុន បានប៉ាន់ប្រមាណថា ឱកាស ៧០ ទៅ ៨០% នៃមហាគ្រោះរញ្ជួយដីកម្រិត ៨ ទៅ ៩ រ៉ិចទ័រ អាចនឹងកើតមានឡើងនៅអន្លង់ Nankai ក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ។
ក្នុងករណីអាក្រក់ខ្លាំងនោះ មហាគ្រោះរញ្ជួយដីនេះអាចរញ្ជួយលក្ខណៈទ្រង់ទ្រាយធំ ពីតំបន់ Kanto ទៅ Kyushu បង្កឱ្យមានរលកយក្សស៊ូណាមិ ដែលអាចវាយប្រហារលើតំបន់ឈូងសមុទ្រពី Kanto ទៅ Okinawa៕
ប្រភព៖ VN Express