តារាចម្រៀងទឹកដមសំនៀងផ្អែមត្រជាក់ មាស សុខសោភា បានបញ្ចេញចម្រៀងថ្មីមួយបទដ៏មានអត្ថន័យ ផលិតអមជាមួយភាពយន្តអប់រំខ្នាតខ្លី មានចំណងជើងថា «ពន្លឺបញ្ហា» (វីដេអូ)

ថ្មីៗនេះ តារាចម្រៀងទឹកដមសំនៀងផ្អែមត្រជាក់ មាស សុខសោភា បានបញ្ចេញចម្រៀងថ្មីមួយបទដ៏មានអត្ថន័យ ផលិតអមជាមួយភាពយន្តអប់រំខ្នាតខ្លី មានចំណងជើងថា «ពន្លឺបញ្ហា» ដើម្បីអបអរខួប ២៣ ឆ្នាំ របស់ក្រុមហ៊ុន MSA MARKETING SOLUTIONS ASIA LTD. ឬ ត្រូវបានគេស្គាល់ថា MSA ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេនៅកម្ពុជា។ បទចម្រៀងថ្មីនេះដែរ គ្រាន់តែចេញជាផ្លូវការភ្លាម ផ្ទុះការគាំទ្រភ្លាមពីមហាជនភ្លែត ព្រោះមិនត្រឹមតែពីរោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំលេចនូវសារលើកទឹកចិត្តដ៏ល្អ ធ្វើឱ្យមនុស្សរឹងមាំ ក្លាហានមិនគេចវេះ ហ៊ានប្រឈមនឹងបញ្ហាដើម្បីទទួលបានពន្លឺនៃដំណោះស្រាយដ៏ប្រសើរ។

តាមរយៈការសហការបង្កើតបទចម្រៀងចំណងជើង «ពន្លឺបញ្ហា» ដែលកំពុងផ្ទុះការគាំទ្រខ្លាំងនេះ អ្នកនាង មាស សុខសោភា ដែលជាអ្នកច្រៀងផ្ទាល់ បានបង្ហាញពីចំណាប់អារម្មណ៍ថា អ្នកនាងពិតជាសប្បាយចិត្តដែលក្រុមហ៊ុន MSA បានជ្រើសរើសអ្នកនាងឱ្យច្រៀងបទនេះ ដើម្បីជាសំឡេងលើកទឹកចិត្តទៅកាន់មហាជនឱ្យចេះតស៊ូ ចេះជម្នះបញ្ហា ចេះរិះរកវិធីដោះស្រាយ ហើយក៏ដោះស្រាយបញ្ហាដោយសន្តិវិធីផងដែរ។

ចំពោះបទចម្រៀងដែលមានរយៈពេលជាង ៤ នាទីនេះ ម្ចាស់សំឡេងនៃបទ «ពន្លឺបញ្ហា» ស្រឡាញ់ជាងគេត្រង់កន្លែងច្រៀង «យើង ដើរ ដើរ ដើរ…»។ ជាក់ស្តែង អ្នកនាង មាស សុខសោភា បានបកស្រាយតាមទស្សនៈខ្លួនយ៉ាងដូច្នេះថា ទោះបញ្ហាមករុំព័ទ្ធខ្លួនយើង តែយើងត្រូវតែដើរទៅមុខ ព្រោះយើងមិនអាចគេចផុតពីការពិតបានទេ យើងត្រូវតែដើរឆ្លងកាត់វា។ ដូចឃើញកន្លងមក មនុស្សមួយចំនួនបានយកការបញ្ចប់ជីវិតខ្លួនឯង ដោយគិតថាវាជាការដោះស្រាយមួយដែលត្រឹមត្រូវ តែតាមពិតវាមិនមែននោះទេ។ នេះហើយជាខ្លឹមសារចាក់ដោតដែលអ្នកនាង មាស សុខសោភា ពេញចិត្តបំផុតចំពោះឃ្លាមួយនេះ។

ធ្លាប់តែច្រៀងបទកម្សត់បញ្ចូលអារម្មណ៍ឈឺចាប់បែបស្នេហាបែកបាក់ តែសម្រាប់បទ «ពន្លឺបញ្ហា» នេះវិញ អ្នកនាង មាស សុខសោភា បានបញ្ចូលអារម្មណ៍ប្លែកមួយបែបទៀតដែលហាក់ផ្ទុយគ្នាស្រឡះពីទម្លាប់ច្រៀងកន្លងមក។ អ្នកនាងបានដាក់អារម្មណ៍ច្រៀងទៅតាមបញ្ហាដែលបានកើតឡើង ប្រើសំឡេងដែលស្តាប់ទៅមិនតានតឹង មិនដាក់សម្ពាធធ្វើឱ្យបទចម្រៀងស្តាប់ទៅឈឺចាប់ពេក ពោលគឺវាជាការឈឺចាប់មួយដែលអាចធ្វើចិត្តបាន និង ព្រមទទួលយកវា។

ឃ្លាចុងក្រោយនៃបទចម្រៀងដែលច្រៀងថា «ពន្លឺបញ្ហាទាំងនោះគឺឱកាស» យោងទៅតាមបទពិសោធផ្ទាល់ខ្លួន អ្នកនាង មាស សុខសោភា បានលើកឡើងពីពន្លឺបញ្ហាមួយដែលអ្នកនាងបានជួបកន្លងមក។ តួយ៉ាង បញ្ហានៅអំឡុងកូវីដ-១៩ វាបានក្លាយជាឱកាសមួយដែលធ្វើឱ្យអ្នកនាងស្គាល់ខ្លួនឯងច្បាស់មកដល់សព្វថ្ងៃ។ អ្នកនាងស្គាល់នូវអ្វីដែលជាការបាត់បង់ ហើយការបាត់បង់នេះវាបានក្លាយជាឱកាសមួយដែលហៅថាឱកាសមាស។

ចំពោះក្រុមហ៊ុន MSA វិញ អ្នកនាង មាស សុខសោភា ថាបទ «ពន្លឺបញ្ហា» ពិតជាស័ក្តិសមជាមួយក្រុមហ៊ុន ដោយសារក្រុមហ៊ុន គឺជាភ្នាក់ងារដ៏ធំមួយដែលតែងតែជួយសម្របសម្រួលបញ្ហាជាច្រើនដល់ដៃគូពាណិជ្ជកម្ម ព្រមទាំងមានទំនាក់ទំនងល្អជាមួយសិល្បករ អ្នកសារព័ត៌មាន ក៏ដូចជាមនុស្សនៅក្នុងសង្គម។

តាមរយៈ «ប្រជាប្រិយ» អ្នកនាង មាស សុខសោភា បានផ្តាំផ្ញើទៅកាន់មហាជន ក៏ដូចជាអ្នកគាំទ្រថា ៖ «បទចម្រៀងមួយនេះខ្ញុំពិតជាស្រឡាញ់ខ្លាំង ហើយខ្ញុំចង់លើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាកុំអស់សង្ឃឹមនៅពេលជួបបញ្ហា ប៉ុន្តែត្រូវប្រឈមមុខដោះស្រាយវាដោយស្នាមញញឹម។ មិនថាដោះស្រាយវាបានប៉ុនណា ឱកាសអាក្រក់ និង ឱកាសល្អ វារមែងជាបទពិសោធ និង ជាមេរៀនជីវិតដ៏មានន័យបំផុតសម្រាប់ជំហានបន្ទាប់»

ជាចុងក្រោយ ក្នុងឱកាសគម្រប់ខួប ២៣ ឆ្នាំ របស់ក្រុមហ៊ុន MSA MARKETING SOLUTIONS ASIA LTD. ឬ MSA តារាចម្រៀង មាស សុខសោភា សូមជូនពរដល់ក្រុមហ៊ុន លោកអគ្គនាយកក្រុមហ៊ុន ព្រមទាំងសហការីគ្រប់ជាន់ថ្នាក់ទាំងអស់ឱ្យទទួលបាននូវសិរីសួស្តី សុខភាពល្អ និង បន្តការងារជាមួយដៃគូពាណិជ្ជកម្ម រួមទាំងសហគ្រិនផ្សេងៗទៀតប្រកបដោយភាពរីកចម្រើន និង ជោគជ័យ៕

ចុចស្តាប់បទចម្រៀងនៅទីនេះ

អត្ថបទដែលជាប់ទាក់ទង