ស្ត្រីពពោះមាន ប.ស.ស និង កុមារក្រោម ២ ឆ្នាំ អាចទទួលប្រាក់ឧបត្ថម្ភពេលពិនិត្យផ្ទៃពោះ និង ចាក់វ៉ាក់សាំង ឱ្យតែបំពេញលក្ខខណ្ឌ ៣ នេះ

កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ បេឡាជាតិសន្តិសុខសង្គម បានជូនដំណឹងឱ្យបានដឹងថា សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ ឆ្នាំ គឺអាចទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ពេលពិនិត្យផ្ទៃពោះ និង ចាក់វ៉ាក់សាំងកូន។

ប.ស.ស បានឱ្យដឹងថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ពេលពិនិត្យផ្ទៃពោះ និង ចាក់វ៉ាក់សាំងកូន ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖

១. ត្រូវមានប័ណ្ណសមាជិក ប.ស.ស. ដែលមានសុពលភាព

២. ត្រូវទៅទទួលសេវាសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យរដ្ឋ) តាមតារាងកម្មវិធី

៣. កុមារដែលម្តាយបានចុះឈ្មោះរួចក្នុងកម្មវិធី កុមារនោះត្រូវចូលក្នុងកម្មវិធីដោយស្វ័យប្រវត្តិ ដោយត្រូវភ្ជាប់មកជាមួយនូវប័ណ្ណសុខភាពកុមារ

ដោយឡែក ចំពោះឯកសារដែលត្រូវភ្ជាប់ ពេលស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅ ប.ស.ស មានដូចជា ៖

១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (មានសុពលភាព)

២. ប័ណ្ណសមាជិក ប.ស.ស. (មានសុពលភាព)

៣. លេខទូរស័ព្ទ និង លេខគណនីធនាគារអេស៊ីលីដា

៤. សៀវភៅសុខភាពមាតាបញ្ជាក់ពីអាយុគភ៌ដំបូង ដែលចេញដោយមន្ទីរពេទ្យរដ្ឋ។

សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅកាន់លេខ ១២៨៦ ឬ ១២៩៧៕

អត្ថបទដែលជាប់ទាក់ទង