បុរសម្នាក់ឆ្លៀតឱកាសចាក់សំរាមចោលបង្ហូរតាមទឹកភ្លៀង ពេលនេះត្រូវហៅអប់រំ និង ពិន័យ ៤០ ម៉ឺនរៀល
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង សម្ដែងក្ដីហួសចិត្ត ក្រោយពីបានទស្សនាវីដេអូមួយបង្ហាញពីបុរសវ័យចំណាស់ម្នាក់បានឆ្លៀតឱកាសចាក់សំរាមបណ្ដែតតាមទឹកភ្លៀង ដែលកំពុងជន់លិចលើដងវិថី នៅយប់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយទទួលបានព័ត៌មានចែកចាយនៅតាមបណ្តាញសង្គមរួចមក នៅព្រឹកថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ១០:០០ នាទី នេះ រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញបុរសចំណាស់ខាងលើមកសាកសួរ ហើយគាត់បានអះអាងទទួលស្គាល់ថាពិតជាបានចាក់សំរាមចូលតាមទឹកហូរពេលភ្លៀងធ្លាក់ពិតប្រាកដមែន។
បន្ទាប់ពីបានធ្វើការសាកសួររួចមក រដ្ឋបាលខណ្ឌបានណែនាំ និង សម្រេចដូចខាងក្រោម ៖
១. ហាមមិនឱ្យមានការចាក់សំរាមពាសវាលពាសកាល និង ត្រូវរៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយ។
២. ផាកពិន័យគាត់ជាទឹកប្រាក់ចំនួន ៤០០ ០០០ រៀល ដោយយោងតាមមាត្រាទី ៤២ ជំពូកទី ៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន៕