ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយបំផ្លើស និងការលក់ឱសថ ផលិតផលបំប៉នសុខភាព និងឱសថបុរាណ ដែលអាចព្យាបាលជំងឺទឹកនោមផ្អែម

ក្រសួងសុខាភិបាល សូមជម្រាបជូនថា បច្ចុប្បន្នក្រសួងសង្កេត ឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់ឱសថ ផលិតផលបំប៉នសុខភាព និងឱសថបុរាណមួយ ចំនួនដូចជា ផលិតផល បាណាបា ផលិតផល Gymnova ផលិតផល Hypoly និងផលិតផលផ្សេងៗទៀត តាមបណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, Tik Tok… ដែលនិយាយបំផ្លើសថាអាចព្យាបាលជំងឺទឹកនោម ផ្អែមជាសះស្បើយដោយមិនចាំបាច់ប្រើប្រាស់ឱសថសម័យ ជាការមិនពិតឡើយ។ ក្រសួងសុខាភិបាល សូមបញ្ជាក់ថាការផ្សព្វផ្សាយផលិតផលទាំងនេះគឺជាការភូតកុហក ដោយពុំមានហេតុផលវេជ្ជសាស្ត្រត្រឹមត្រូវ ម្យ៉ាងទៀតផលិតផលទាំងនោះពុំមានចុះបញ្ជីកានៅក្រសួងសុខាភិបាលឡើយ។

ក្រសួងសុខាភិបាល សូមបដិសេធទាំងស្រុងនូវការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់ឱសថ ផលិតផល បំប៉នសុខភាព និងឱសថបុរាណដូចជា ផលិតផល Gymnova ផលិតផល បាណាបា ផលិតផល Hypoly និង ផលិតផលផ្សេងទៀត ដែលបានអះអាងថាអាចព្យាបាលជំងឺទឹកនោមផ្អែម ដោយមិនចាំបាច់ចាក់អាំងស៊ុយលីន និងប្រើឱសថសម័យ គឺជាការផ្សព្វផ្សាយបំផ្លើស ភូតកុហក បោកប្រាស់ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ ច្រឡំ រហូតដល់ការទិញផលិតផលទាំងនោះមកប្រើប្រាស់ សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមដែលអាច មានផលប៉ះពាល់ធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់សុខភាព ដូចខាងក្រោម៖

• មិនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ ដែលនាំឱ្យជាតិស្ករក្នុងឈាមមិនប្រក្រតី ហើយអាចបណ្តាលឱ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ និងមានផលវិបាកដល់អាយុជីវិតចំពោះមុខ និងរយៈពេលវែង។

• ការយឺតយ៉ាវក្នុងការទទួលបានការព្យាបាលបានត្រឹមត្រូវ ដោយការពឹងផ្អែកលើការព្យាបាលដែល គ្មានប្រសិទ្ធភាព អាចបង្កើនហានិភ័យ និងផលវិបាកជាច្រើនដូចជា នាំឱ្យមានជំងឺសរសៃប្រសាទ ជំងឺសរសៃបាតភ្នែក ជំងឺសរសៃឈាមបេះដូង និងងាយទទួលការឆ្លងមេរោគ ជាដើម។

• ការខូចខាតសរីរាង្គបណ្តាលមកពីការប្រើប្រាស់ឱសថ ឬផលិតផលបំប៉នសុខភាព ឬឱសថបុរាណគ្មានចុះបញ្ជីកា ដែលអាចមានសារធាតុប៉ះពាល់ដល់សរីរាង្គដូចជា ថ្លើម និងតម្រងនោម ជាពិសេសប្រសិនបើលេបរយៈពេលយូរ ឬក្នុងកម្រិតខ្ពស់។

• កង្វះអាហារូបត្ថម្ភ ដោយការព្យាបាលមិនសមស្របមួយចំនួនអាចពាក់ព័ន្ធនឹងការរឹតបន្តឹងរបបអាហារ ដែលអាចនាំឱ្យមានកង្វះអាហារូបត្ថម្ភធ្វើឱ្យការគ្រប់គ្រងជំងឺទឹកនោមផ្អែមកាន់តែមានភាពស្មុគស្មាញ។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលសូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកជំងឺ ទឹកនោមផ្អែមទាំងអស់ត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងធ្វើការព្យាបាលឱ្យបាន ត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រនៅតាមមន្ទីរពេទ្យ និងមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត។

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង