ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ពីករណីជំងឺផ្តាសាយបក្សីលើក្មេងស្រីអាយុ១៦ឆ្នាំ

តាមរយៈសេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាលបានឲ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សី កើតលើក្មេងស្រីអាយុ១៦ឆ្នាំ ចំនួន ០១ករណីទៀត និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិចំការលាវ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ក្មេងស្រីនេះមានគ្រុនក្តៅ ក្អក ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម។

បច្ចុប្បន្នស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ និងកំពុងទទួលបានការថែទាំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល៤ថ្ងៃមុនចាប់ផ្តើមឈឺ នៅផ្ទះអ្នកជិតខាង និងនៅផ្ទះអ្នកជំងឺមានមាន់ទាងាប់ចំនួន៩ក្បាល ហើយបានយកមកធ្វើម្ហូបបរិភោគ ក្មេងស្រី បានប៉ះពាល់ និងកាន់មាន់ងាប់។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតប ទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លងទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំង ចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមយកចិត្តទុកដាក់ប្រុង ប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាព ប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាក ដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមាន រោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបាន ឆាប់ទាន់ពេលវេលា៕

សេចក្តីប្រកាស

អត្ថបទដែលជាប់ទាក់ទង