បុគ្គលជោគជ័យ​ និង គួរឱ្យគោរព អ្នកឧកញ៉ា គិត ម៉េង សេដ្ឋីវាល់លាន ប្រាប់ពីមូលហេតុច្បាស់ៗ អានហើយដាស់ស្មារតីខ្លាំង

ជាបុគ្គលជោគជ័យ​ និង គួរឱ្យគោរព អ្នកឧកញ៉ា គិត ម៉េង សេដ្ឋីវាល់លាននៅស្រុកខ្មែរ តែងត្រូវបានមហាជនកោតសរសើរអំពីភាពខ្លាំងរបស់លោក។ មិនថាមមាញឹកនឹងជំនួញកម្រិតណា ជារឿយៗ លោក តែងឆ្លៀតចែករំលែកគន្លឹះ ក៏ដូចជាបទពិសោធជីវិត នៅលើបណ្តាញសង្គម ដើម្បីជាប្រយោជន៍រួមទៅកាន់មហាជន។

យ៉ាងណាមិញ ថ្មីៗនេះ អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសារមួយដ៏ចាក់ដោត ដែលត្រូវបំផុតចំពោះអ្នកឧស្សាហ៍មានលេស។ លោកបានលើកឡើងពីពាក្យលេសមួយចំនួនចំៗ និង ហេតុផលយ៉ាងលម្អិត អាចជាការដាស់តឿនស្មារតីដ៏មានថាមពល។ លោកបានសរសេររៀបរាប់ដូចខាងក្រោម៖

«យើងមិនគួរមានលេសច្រើនក្នុងជីវិតរបស់យើងទេ

លេសគឺជារបាំងដែលយើងដាក់រារាំងខ្លួនយើងមិនឱ្យធ្វើសកម្មភាព និងសម្រេចបាននូវសក្តានុពលរបស់យើង។

លេសមួយចំនួនដែលយើងឮជារៀងរាល់ថ្ងៃ មានដូចជា “ខ្ញុំមិនមានពេល” “ខ្ញុំហត់ណាស់” “ការងារនោះពិបាកពេក” “ខ្ញុំមិនល្អគ្រប់គ្រាន់” “ខ្ញុំនឹងធ្វើវានៅថ្ងៃស្អែក” “ខ្ញុំមិនមានលុយគ្រប់គ្រាន់” “ខ្ញុំមិនដឹងថាត្រូវចាប់ផ្តើមពីណា” “ខ្ញុំរវល់ណាស់” “នេះមិនមែនជាពេលវេលាត្រឹមត្រូវ” “ខ្ញុំមានការប្តេជ្ញាចិត្តផ្សេងទៀតជាច្រើន” “ខ្ញុំខ្លាចបរាជ័យ” “គ្មាននរណាម្នាក់គាំទ្រខ្ញុំទេ” “ខ្ញុំនឹងរង់ចាំរហូតដល់ខ្ញុំត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់ថែមទៀត” “ខ្ញុំមិនមានកម្លាំង” និង “ខ្ញុំមិនដែលធ្វើវាពីមុនទេ”…។

លេសគឺជាគ្រោះថ្នាក់ ពីព្រោះវាសម្រាលភាពតានតឹង ឬការថប់បារម្ភបានបណ្តោះអាសន្នតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ សម្រាប់រយៈពេលវែង លេសទាំងនោះផ្តល់ផលអាក្រក់ទៅលើទិដ្ឋភាពផ្សេងៗនៃជីវិតរបស់យើង ដោយធ្វើឱ្យផលិតភាពយើងថយចុះ តម្លៃ និង ទំនុកចិត្តមកលើខ្លួងឯងធ្លាក់ចុះដោយគិតថាខ្លួនមិនល្អ ឬគ្មានសមត្ថភាព។ លេសធ្វើឱ្យយើងខកខានឱកាសសម្រាប់ភាពរីកចម្រើន និង ការអភិវឌ្ឍខ្លួនទៅមុខ ដោយសារតែយើងចេះតែលើកពេលធ្វើកិច្ចការ រហូតធ្វើឱ្យការងារកាន់តែច្រើន ហើយក៏ធ្វើឱ្យកើនភាពតានតឹងក្នុងចិត្ត។ លេសទាំងនោះហើយដែលធ្វើឱ្យយើងជាប់គាំងនៅក្នុងតំបន់សុខស្រួលរបស់យើង ដោយធ្វើឱ្យជីវិតយើងខ្វះភាពរីករាយ និង មិនទទួលបានបទពិសោធថ្មីៗ។

ដល់ពេលដែលអ្នកឈប់រកលេសហើយ។ ប្រសិនបើអ្នកតាំងចិត្តយ៉ាងមុតមាំក្នុងការធ្វើឱ្យសម្រេចអ្វីមួយ អ្នកនឹងត្រូវជម្នះឧបសគ្គឱ្យបាន ដោយមិនត្រូវយកលេសណាមួយមកធ្វើជារបាំងរារាំងគោលដៅរបស់អ្នកទ្បើយ។

នៅពេលយើងឈប់យកលេសជារៀងរហូត យើងនឹងបង្កើតឱ្យមាននូវឱកាសថ្មីៗរាប់មិនអស់សម្រាប់ខ្លួនយើង និង ធ្វើឱ្យជីវិតពោរពេញដោយសកម្មភាព ភាពរីកចម្រើន និង ភាពរីករាយ។ សូមមានទំនួលខុសត្រូវ ហើយហ៊ានប្រឈមនឹងបញ្ហា ដោយការតាំងចិត្ត និង ភាពក្លាហាន និង ទទួលយកការផ្លាស់ប្តូរបែបវិជ្ជមាន និង មានន័យ ដោយបញ្ចប់នូវការយកលេស»៕

អត្ថបទដែលជាប់ទាក់ទង