ស/ពអាកាសយានិកទាំង ២ រូប ត្រូវបានបូជាហើយនៅជិតកន្លែងកើតហេតុ ក្រោយការដឹកជញ្ជូនមានការលំបាក
សពអាកាសយានិកទាំង ២ រូប ដែលបានពលីក្នុងបេសកកម្មហ្វឹកហ្វឺន ហើយជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ ត្រូវបានសម្រេចបូជានៅក្បែរទីតាំងកើតហេតុតែម្ដង ពោលគឺពិធីបូជាសពនឹងធ្វើឡើងនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤ នេះ ក្រោយមានការឯកភាពយល់ព្រមពីសំណាក់ក្រុមគ្រួសាររបស់អាកាសយានិកទាំង ២។
បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យមានការបូជាសពនៅក្បែរទីតាំងកើតហេតុ មិនបញ្ជូនមកភ្នំពេញ ដោយសារស្ថានភាពអាកាសធាតុពេលនេះ មានភ្លៀងធ្លាក់ខ្លាំងពេកពិបាកក្នុងការដឹកជញ្ជូនសព ដែលអាចប្រើប្រាស់ពេលវេលាដល់ទៅ ៧-៨ ថ្ងៃឯណោះ ម្យ៉ាងភូមិសាស្រ្តដែលត្រូវឆ្លងកាត់ក៏មានជ្រោះជ្រៅ និង ចោទខ្លាំង ចំណែកឯកម្លាំងដឹកជញ្ជូនក៏មានសភាពទ្រុឌទ្រោមផងដែរ។
ទោះជាយ៉ាងណា ការបូជាសព នឹងប្រព្រឹត្តទៅតាមប្រពៃណី ដោយមានអាចារ្យ និង ការរៀបចំផ្សេង ហើយធាតុអាកាសយានិកទាំង ២ រូប នឹងបញ្ជូនមកភ្នំពេញដើម្បីប្រារព្ធពិធីបុណ្យតាមប្រពៃណី ឱ្យស័ក្ដិសមនឹងកិត្តិយសនៅថ្ងៃទី ១ ខែសីហា នេះ។
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធា Z-9 លេខ MH912 និង អាកាសយានិកចំនួន ២ រូបបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង ខេត្តកោះកុង កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ ហើយក្រុមកម្លាំងសង្រ្គោះបានរកឃើញនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៤ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយប្រើប្រាស់រយៈពេលរុករកចំនួន ១៧ ថ្ងៃ៕
ប្រភព៖ ក្រសួងព័ត៌មាន