ទិដ្ឋភាពរោងពិធីបុណ្យសពអាកាសយានិកទាំងពីរដែលបានរៀបចំរួចហើយ នៅក្នុងមូលដ្ឋានកងទ័ពជើងអាកាសពោធិចិនតុង ត្រៀមរង់ចាំសពមកដល់(វីដេអូ)

នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៤ នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនា​ធិការ​ចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ឱ្យបានដឹងថា សពអាកាសយានិក​ទាំងពីររូប នឹងត្រូវយកមករៀបចំពិធីបុណ្យនៅ អគ្គបញ្ជាការដ្ឋានកងទ័ព​អាកាសនារាជធានីភ្នំពេញ ឱ្យស័ក្តិសមនឹងកិត្តិយសរបស់លោកទាំងពីរ ដោយសពនឹងធ្វើការវេចខ្ចប់យ៉ាងសមរម្យបំផុត តែពុំទាន់ត្រូវបានយកចេញពីចំណុច​រកឃើញនៃភ្នំយ៉ាវយ៉ៃ នៃឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់នៅឡើយ ដោយសារកត្តាអាកាសធាតុដ៏មិនអំណោយផល។

ក្នុងនោះផងដែរ តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះ Bun Narithngoun ដែលត្រូវជាមិត្តរបស់សពលោក ស៊ុន ផល្លា នៅមុននេះបន្តិច បានបង្ហាះពីទិដ្ឋភាពរោងពិធីបុណ្យសពអាកាសយានិកទាំងពីរដែលបានរៀបចំរួចហើយ នៅក្នុងមូលដ្ឋានកងទ័ពជើងអាកាសពោធិចិនតុង ត្រៀមរង់ចាំសពមកដល់។

សូមរំឭកផងដែរថា គិតត្រឹមថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៤ នេះ ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ១ គ្រឿង និង អាកាសយានិក ២ នាក់ របស់កងទ័ពជើងអាកាស ដែលកើតឡើងតាំងពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ ក្នុងពេលហោះហើរហ្វឹកហ្វឺនពីមូលដ្ឋានហ្វឹកហ្វឺននៅភ្នំពេញ ឆ្ពោះទៅកាន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរកឃើញដោយជោគជ័យ ប៉ុន្តែគួរឱ្យសោកស្ដាយអាកាសយានិក ២ នាក់ បានពលីក្នុងឧប្បទ្ទវហេតុនោះហើយ ដែលមានឈ្មោះលោក ខេង ឆៃយុទ្ធ ត្រូវបានរកឃើញនៅរសៀលថ្ងៃទី ២៩ ខែកក្កដា ក្នុងសភាពជាប់នឹងកៅអីឧទ្ធម្ភាគចក្រ និង សពលោក ស៊ុន ផល្លា ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៤ នេះ ដែលមានចម្ងាយ ២១០ ម៉ែត្រ ពីចំណុចឧទ្ធម្ភាគចក្រធ្លាក់៕

សូមទស្សនាវីដេអូនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង