រដ្ឋ California ប្រទះភ្លើងឆេះព្រៃខ្លាំង ៦ ថ្ងៃហើយមិនទាន់រលត់ ឥលូវឆេះរាលកាន់តែខ្លាំង អណ្ដាតភ្លើងក្រហមឆ្អៅ
ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ នៅ California សហរដ្ឋអាមេរិក បានដុតបំផ្លិចបំផ្លាញព្រៃជិត ១៤២ ០០០ ហិកតា និង បច្ចុប្បន្ននៅតែមិនអាចពន្លត់បានទាំងស្រុង បើទោះជាខាងអាជ្ញាធរបញ្ជូនអ្នកពន្លត់ទៅប្រមាណ ២៥០០ នាក់ហើយក៏ដោយ។
ភ្លើងឆេះព្រៃដ៏អាក្រក់នេះដែរ កើតមានឡើងតាំងពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ នៅព្រៃក្បែរក្រុង Chico តំបន់ Butte ហើយត្រឹមរយៈពេលតែប៉ុន្មានម៉ោងក្រោយ ភ្លើងក៏បានរាលដាលឆេះកាន់តែខ្លាំងឡើង រហូតដល់តំបន់ Tehama ក្បែរគ្នានោះផងដែរ។ ភ្លើងនៅតែបន្តឆេះងំមិនរសាយ រហូតដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៤ ព្រៃប្រមាណជិត ១៤២ ០០០ ត្រូវបានភ្លើងឆេះខ្ទេច ដែលនេះចាត់ទុកជាភ្លើងឆេះព្រៃធំបំផុតទី ៧ ក្នុងប្រវត្តិសាស្ត្រនៃរដ្ឋ California សហរដ្ឋអាមេរិកនេះ។
តាមរយៈរូបភាពដែលថតបាន បង្ហាញឱ្យឃើញទិដ្ឋភាពភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ ក្រហមឆ្អិតឆ្អៅគ្រប់កន្លែង ខណៈពលរដ្ឋនាំគ្នាជិះឡានរត់ភៀសខ្លួនតាមដងផ្លូវ ប្រៀបបីបាននឹងកំពុងតែជិះគេចចេញពីនរក។
បើតាមការបញ្ជាក់ពីខាងនាយកដ្ឋានការពារព្រៃឈើ និង ភ្លើងឆេះព្រៃប្រចាំរដ្ឋ California បានឱ្យដឹងថា ពួកគេបានបញ្ជូនក្រុមពន្លត់អគ្គិភ័យប្រមាណ ២៥០០ នាក់ បូករួមឧទ្ធម្ភាគចក្រ និង យន្តហោះពន្លត់ភ្លើងព្រៃមួយចំនួនទៀត ដើម្បីគ្រប់គ្រងស្ថានការណ៍នេះ ប៉ុន្តែគិតមកទល់ឥលូវគឺនៅតែមិនទាន់អាចគ្រប់គ្រងបានទាំងស្រុងនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា បើតាមប៉ូលិសក្នុងតំបន់ កាលពីថ្ងៃ ២៥ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ បានឱ្យដឹងថា ខាងប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ Ronnie Dean Stout II អាយុ ៤២ ឆ្នាំ ដោយសង្ស័យថារូបគេជាអ្នកបង្កឱ្យមានភ្លើងឆេះព្រៃឡើង ដោយរុញឡានដែលឆេះទម្លាក់ចុះជ្រោះ។ ប៉ូលិសបានឱ្យដឹងទៀតថា ឡានរបស់លោក Stout នោះ បានធ្លាក់ជ្រោះក្នុងកម្ពស់ជាង ១៩ ម៉ែត្រ រួចក៏ឆេះរាលដាលពេញព្រៃតែម្ដង៕
ប្រភព៖ VN Express , Photo: AP