ឆាប់ភ្លេច? សាកល្បងអនុវត្តវិធីអស់ទាំងនេះដើម្បីធ្វើឲ្យការចងចាំមានភាពប្រសើរឡើង

មនុស្សម្នាក់ៗកើតមកតែងតែមានអង្គចងចាំ ប៉ុន្តែបុគ្គលខ្លះ រាងឆាប់ភ្លេចជាងអ្នកដទៃ។ ជួនកាល គេទើបតែនិយាយប្រាប់មិញៗនេះ ស្រាប់តែភ្លេចតែម្ដង ឯអ្នកខ្លះទៀតអាយុនៅក្មេងទេ តែបែរជាឆាប់ភ្លេចទៅវិញ ដែលធ្វើឲ្យការរស់នៅប្រចាំថ្ងៃប្រឈមនឹងភាពលំបាកខ្លះៗដែរ។​

សុខភាព៖ មនុស្សម្នាក់ៗកើតមកតែងតែមានអង្គចងចាំ ប៉ុន្តែបុគ្គលខ្លះ រាងឆាប់ភ្លេចជាងអ្នកដទៃ។ ជួនកាល គេទើបតែនិយាយប្រាប់មិញៗនេះ ស្រាប់តែភ្លេចតែម្ដង ឯអ្នកខ្លះទៀតអាយុនៅក្មេងទេ តែបែរជាឆាប់ភ្លេចទៅវិញ ដែលធ្វើឲ្យការរស់នៅប្រចាំថ្ងៃប្រឈមនឹងភាពលំបាកខ្លះៗដែរ។​

មនុស្សដែលខ្សោយការចងចាំបញ្ជាក់ថា ជាមនុស្សដែលមិនសូវប្រើប្រាស់ខួរក្បាលយ៉ាងសកម្មនោះឡើយ ដូច្នេះដើម្បីបង្កើនការចងចាំបានល្អជាងមុន អ្នកគួរអនុវត្តតាមវិធីអស់ទាំងនេះ៖

១. ត្រូវប្រើប្រាស់រាងកាយឲ្យសកម្មជារៀងរាល់ថ្ងៃ

ការធ្វើសកម្មភាពផ្នែករាងកាយ បានជួយច្រើនណាស់ដល់ការពង្រឹងការចងចាំព្រោះវាធ្វើឲ្យឈាមរត់ស្រួលពេញទាំងរាងកាយ ដែលនោះគឺរួមបញ្ចូលទាំងខួរក្បាលរបស់យើងដែរ។ បើអ្នកជាមនុស្សពេញវ័យ គឺត្រូវធ្វើលំហាត់ប្រាណយ៉ាងហោចណាស់១៥០នាទី ក្នុងមួយសប្តាហ៍ ដូចជាការដើរ ការរត់ ការហែលទឹកជាដើម។

២. ត្រូវធ្វើលំហាត់ប្រាណផ្នែកសតិអារម្មណ៍

មិនត្រឹមតែលំហាត់ប្រាណផ្នែករាងកាយទេ អ្នកក៏ត្រូវតែធ្វើឲ្យខួរក្បាលមានភាពសកម្មលើផ្នែកសតិអារម្មណ៍ផងដែរ គឺធ្វើឲ្យខួរក្បាលសកម្មជាងមុនដោយការគិត។ ចូរអ្នកសាកល្បង លេងល្បែងនានាដែលត្រូវការប្រើខួរក្បាលដូចជា រូបផ្គុំ ជាដើម ឬរៀនលេងភ្លេច និងស្វែងរកចំណង់ចំណូលចិត្តថ្មីៗ។​

៣. ចំណាយពេលជាមួយមនុស្សជុំវិញខ្លួន

ករណីខ្លះ ការចងចាំខ្សោយអាចបណ្ដាលមកពីកត្តាផ្លូវចិត្ត ដូចជាអ្នកមានជំងឺបាក់ទឹកចិត្ត និងតប់ប្រមល់ជាដើម ដូច្នេះអ្នកគួរចំណាយពេលនៅជាមួយមនុស្សជុំវិញខ្លួន ដើម្បីផ្សាភ្ជាប់ទំនាក់ទំនង រៀនសូត្រនិងទទួលយកបទពិសោធថ្មីៗពីពួកគេ។​

៤. ត្រូវតែរៀបចំផ្ទះ ឬការិយាល័យ ឲ្យបានស្អាតនិងមានរបៀប

ដើម្បីឲ្យការចងចាំល្អប្រសើរ មិនឆាប់ភ្លេច អ្នកត្រូវតែរស់នៅដោយមានរបៀបរបប។ អ្នកត្រូវរៀបចំផ្ទះសម្បែង ការិយាល័យ​តុរៀន… ឲ្យបានស្អាតនិងមានរបៀប ទុកដាក់របស់របររបស់អ្នកតាមកន្លែងដែលគួរទុក ឬចាត់ប្រភេទរបស់របរអស់នោះតាមថ្នាក់ជាដើម។ បើសិនជាអ្នកមានការងារត្រូវធ្វើច្រើន ចូរសរសេរវានៅក្នុងកូនសៀវភៅ រៀបចំទៅតាមថ្ងៃនីមួយៗ។​ ចំណុចមួយទៀត ​កុំព្យាយាមធ្វើការងារច្រើនយ៉ាងក្នុងពេលតែមួយ ធ្វើម្ដងមួយៗ ដោយរៀបកាលវិភាគឲ្យបានច្បាស់លាស់។

៥​. គេងលក់ឲ្យស្កប់ស្កល់

អ្នកវិទ្យាសាស្ត្របានស្វែងរកឃើញថា ការគេងមិនគ្រប់គ្រាន់ ឬគេងលក់មិនស្កប់អាចជាហេតុផលបណ្ដាលឲ្យការចងចាំរបស់យើងចុះខ្សោយ។ ដូច្នេះ អ្នកត្រូវរៀបចំកន្លែងគេងឲ្យបានស្អាត និងគួរឲ្យចង់គេង ហើយព្យាយាមចូលគេងម៉ោងដដែលៗរាល់ថ្ងៃ និងក្រោកឡើងនៅម៉ោងដដែល ដោយក្នុងមួយយប់ៗ អ្នកគួរគេងឲ្យបាន៨ម៉ោង។​

៦. ញ៉ាំអាហារសម្បូរជីជាតិ

អ្នកគួរចៀសវាងញ៉ាំអាហារប្រភេទមានខ្លាញ់ច្រើន និងភេសជ្ជៈផ្អែមៗ ហើយងាកមកញ៉ាំពពួកអាហារមានជីជាតិដូចជា ផ្លែឈើ បន្លែ ឬក៏អាហារមានជាតិខ្លាញ់តិចដូចជា ត្រី និង គ្រាប់សណ្ដែក ជាដើម។​

៧. គ្រប់គ្រងឲ្យបានបើសិនជាអ្នកមានជំងឺប្រចាំកាយ

បើសិនអ្នកមានជំងឺប្រចាំកាយដូចជា ឡើងសម្ពាធឈាម, ទឹកនោមផ្អែម, បាក់ទឹកចិត្ត… ជាដើម សូមតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីការពារកុំឲ្យការចងចាំរបស់អ្នកឆាប់ចុះ​​​ខ្សោយ៕

ប្រភពmayoclinic

អត្ថបទដែលជាប់ទាក់ទង