អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្ដីថ្លែងការណ៍ច្បាស់ៗ ៤ ចំណុច ពីខេត្តទាំង ៤ ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV
នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤ នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសចក្ដីថ្លែងការណ៍ ៤ ចំណុច ច្រានចោលព័ត៌មានពីការកាត់ទឹកដី ៤ ខេត្ត មានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ទៅប្រទេសវៀតណាម។
តាមអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កេតឃើញថា ទោះបីជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗអំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ជូនសាធារណជនជ្រាប កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ រួចហើយក៏ដោយ ក៏នៅមានមនុស្សមួយចំនួនតូចនៅតែបន្តលើកឡើងដោយបំភាន់ ឬ ដោយភាន់ច្រឡំដដែល។
ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបដូចតទៅ ៖
ទី១. គ្មានការកាត់ទឹកដី ៤ ខេត្ត ជូនប្រទេសវៀតណាមដូចការចោទប្រកាន់មូលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។
ទី២. គ្មានការយកខេត្តទាំង ៤ របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬ ដោយការកាន់ច្រឡំមួយចំនួននោះឡើយ។
ទី៣. គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និង ធនធានព្រៃឈើជាដើម របស់ខេត្តទាំង ៤ ដើម្បីវិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ។
ទី៤. គ្មានការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ ត្រីកោណនោះឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) នេះធ្វើឡើងតែក្នុងក្របខណ្ឌអាជ្ញាធរប្រទេសទាំងបី ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ហេដ្ឋារចនា សម្ព័ន្ធ សុខាភិបាល អប់រំ សន្តិសុខ និង ការគ្រប់គ្រងគ្រោះមហន្តរាយ ជាដើម ដូចការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងច្បាស់លាស់រួចហើយដោយមិនពាក់ព័ន្ធនឹងរឿងទឹកដី ឬ ធនធានធម្មជាតិឡើយ៕