ឥលូវព្រះអង្គ ចន្ទ មុនី ចាត់ចែងអ្នកជំនាញដើរព្រៃ ១០ នាក់ ចូលរួមស្វែងរកឧទ្ធម្ភាគចក្របាត់ តាមតម្រាយផ្លូវព្រះអង្គរៀបចំ
នាពេលថ្មីៗនេះ មានផេកឆ្លៀតឱកាសមួយចំនួនបានបង្ហោះវីដេអូចាស់ដែលព្រះអង្គ ចន្ទ មុន្នី និមន្តតាមឧទ្ធម្ភាគចក្រ ភ្ជាប់ឃ្លាថាព្រះអង្គបាននិមន្តទៅជួយរកឧទ្ធម្ភាគចក្រដែលបានបាត់ ដោយនេះមិនមែនជារឿងពិតនោះឡើយ។
ជាក់ស្ដែង បើតាមការឱ្យដឹងពីគណនីដែលមានឈ្មោះ Sorn Sopheak-ស៊ន សុភក្ត្រ បានបង្ហោះសារបញ្ជាក់ឱ្យបានដឹងថា ដើម្បីឱ្យច្បាស់ព័ត៌មានទាក់ទិនទៅនឹងករណីខាងលើ លោកបានបញ្ជាក់ទៅកូនសិស្សព្រះអង្គ ចន្ទ មុន្នី ទើបដឹងថា ព្រះអង្គមិនបាននិមន្តទៅចូលរួមស្វែងរកឧទ្ធម្ភាគចក្រដោយផ្ទាល់នោះឡើយ។
តាមប្រភពបានបន្តឱ្យដឹងទៀតថា ទោះព្រះអង្គមិនបានចូលរួមស្វែងរកក្ដី តែព្រះអង្គបានចាត់ចែងមនុស្ស ១០ នាក់ ដែលរស់នៅតំបន់នោះ និង ជាអ្នកជំនាញដើរក្នុងព្រៃ ចូលរួមស្វែងរកឧទ្ធម្ភាគចក្រហើយ ខណៈពួកគេទាំង ១០ នាក់ បានចេញដំណើររុករកតាំងពីថ្ងៃទី ២២ ខែកក្កដា ទៅតាមតម្រាយផ្លូវដែលព្រះអង្គ ចន្ទ មុនី បានរៀបចំឱ្យដើរចូល។
ប្រភពដដែលបានបន្តថា អ្នកជំនាញដើរក្នុងព្រៃទាំង ១០ នាក់ ស្ពាយស្បៀង និង សម្ភារពីក្រោយខ្នង ម្នាក់ៗមិនតិចជាង ២០ គីឡូក្រាមនោះឡើយ ដែលអាចប្រើពេលកន្លះខែ ដើម្បីជួយស្វែងរកជាមួយកងកម្លាំងដែលត្រូវពង្រាយជិត ២០ កន្លែង ខណៈនៅថ្ងៃទី ២៤ ខែកក្កដានេះ ក្រុមជំនាញដើរព្រៃទាំងនោះ បានចាប់ផ្តើមដើរចូលចំរ៉ាក់ភ្នំ ជ្រលងដងជ្រោះហើយ៕
ប្រភព ៖ Sorn Sopheak-ស៊ន សុភក្ត្រ