ភរិយាអាកាសយានិក ឈ្មោះ ខេង ឆៃយុទ្ធ បានបង្ហោះរូបភាពជាមួយកូនជាទីស្រឡាញ់ភ្ជាប់ជាមួយសារយ៉ាងរំជួលចិត្ត ដង្ហោយរកស្វាមីឱ្យត្រឡប់មកជួបជុំគ្រួសារវិញ

គិតត្រឹមថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ នេះ ជាថ្ងៃទី ១០ ហើយក្នុងប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ដែលមកទល់ពេលនេះពុំទាន់រកឃើញដំរួយណាមួយនៅឡើយ ខណៈសមាសភាពនៅក្នុងឧទ្ធម្ភាគចក្រនោះ មានចំនួន ២ នាក់ គឺដឹកនាំដោយ ឈ្មោះ ស៊ុន ថ្លា ប្រធានក្រុម និង ឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក។

ក្រោយបាត់ដំណឹងស្វាមីអស់រយៈពេលច្រើនថ្ងៃ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ តាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះ kalyan Natara អះអាងត្រូវជាភរិយាអាកាសយានិក ឈ្មោះ ខេង ឆៃយុទ្ធ បានបង្ហោះរូបភាពជាមួយកូនជាទីស្រឡាញ់ភ្ជាប់ជាមួយសារយ៉ាងរំជួលចិត្ត ដង្ហោយរកស្វាមីឱ្យត្រឡប់មកជួបជុំគ្រួសារវិញ។

សារនោះម្ចាស់គណនីនេះបានរៀបរាប់ថា ៖ «បងយុទ្ធអើយបងនៅណា? ម្ដេចទុកឱ្យអូននៅមើលកូនតែឯងអ៊ីចឹង អូនហត់ណាស់បង មកជួយមើលថែកូនជាមួយគ្នាវិញមកបង កុំនៅហ្នឹងយូរពេក កូនៗចាប់ផ្តើមសួររកបងហើយ អូនពិបាកឆ្លើយនឹងកូនៗណាស់ ព្រះអើយសូមឱ្យគ្រួសារខ្ញុំជួបជុំគ្នាវិញផងចុះ»

ទន្ទឹមគ្នានេះ នៅថ្ងៃខែដដែល ស្ត្រីជាម្ចាស់គណនីខាងលើបានបង្ហោះសារវីដេអូកូនស្រីរបស់ខ្លួនសួររកឪពុក ភ្ជាប់ជាមួយសារថា ៖ «ម៉ាក់ៗថតកូនផ្ញើឱ្យប៉ាៗមើលតិច ឱ្យប៉ាៗឆាប់មកវិញ កូនអើយកូន ទ្រូងម្តាយស្ទើតែប្រេះទៅហើយពេលកូននិយាយបែបនេះ»

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង