នៅរសៀលនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV

នៅរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV។ ការចេញថ្លែងសារពិសេសរបស់សម្តេចតេជោនេះផងដែរ ធ្វើឡើងបន្ទាប់ពីមានការជជែកគ្នាច្រើនលើបញ្ហានេះ ខណៈការជជែកនេះកើតមានបន្ទាប់ពីវិទ្យុ និង ក្រុមប្រឆាំងនៅក្រៅប្រទេសនាំគ្នាផ្សាយបំភ្លៃខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ CLV។

គួរឱ្យដឹងផងដែរថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមឡើង។ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និង សុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និង ប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និង វិបុលភាពរួមគ្នា។

តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង ៣ មានចំនួន ១៣ ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ ខេត្ត (ខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និង ប៊ីងភឿក), ប្រទេសឡាវ មានចំនួន ៤ ខេត្ត (ខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និង ខេត្តចំប៉ាសាក់) និង កម្ពុជា មានចំនួន ៤ ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង)។

តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំង ៣ ជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និង ជីវចម្រុះជាច្រើនវិស័យ។ តំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (CLV) ដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើងឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និង ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់៕

ប្រភព ៖ Fresh News

 

អត្ថបទដែលជាប់ទាក់ទង