នៅអ៊ីអន ២ ធ្វើអត្តសញ្ញាណប័ណ្ណ និង លិខិតឆ្លងដែន ចាប់ពីថ្ងៃពុធ-អាទិត្យ បើចង់ធ្វើថ្ងៃចន្ទ-អង្គារ អាចទៅទីតាំងមួយនេះបាន
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះបានចេញសេចក្ដីជូនដំណឹងមួយស្តីពីការកែសម្រួលថ្ងៃធ្វើការ នៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង លិខិតឆ្លងដែនធម្មតា ដោយដាក់ឱ្យដំណើរការពីថ្ងៃពុធ រហូត ដល់ថ្ងៃអាទិត្យ (ឈប់សម្រាកនៅថ្ងៃចន្ទ និង អង្គារ) សម្រាប់ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង លិខិតឆ្លងដែនធម្មតាប្រចាំនៅផ្សារអ៊ីអន ម៉ល សែនសុខ ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ តទៅ។
ស្របគ្នានេះ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ បើតាមការឱ្យដឹងពីឯកឧត្ដមឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករងនៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានបញ្ជាក់ឱ្យដឹងថា សាខាអត្តសញ្ញាណប័ណ្ណ និង លិខិតឆ្លងដែន ផ្សារអ៊ីអន ២ សម្រាករាល់ថ្ងៃចន្ទ-អង្គារ ដូច្នេះប្រសិនបើលោកអ្នកត្រូវការទទួលសេវា អាចអញ្ជើញទៅនាយកដ្ឋានផ្ទាល់ ដែលមានទីតាំងក្រោយវត្តនិរោធ ឬព័ត៌មានបន្ថែមអាចទាក់ទងលេខ 1271។
គួររំឭកផងដែរថា ការដាក់ដំណើរការពីថ្ងៃពុធ រហូត ដល់ថ្ងៃអាទិត្យ សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង លិខិតឆ្លងដែនធម្មតា នៅផ្សាទំនើបអ៊ីអន ២ គឺដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាអត្តសញ្ញាណកម្មឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ជួយសម្រួលដល់បងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬ គ្រឹះស្ថាននានា ដែលមានការមមាញឹកក្នុងម៉ោងការងាររដ្ឋបាល និង ដើម្បីមានពេលវេលាសម្រាប់ថែទាំប្រព័ន្ធគ្រប់គ្រង៕
ប្រភព ៖ ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង