សិស្សស្រីប្រុស ១២ នាក់គេចម៉ោងរៀន ទៅអង្កុយផ្ដុំគ្នានៅម៉ាតមួយម្ដុំផ្សារដើមថ្កូវ ត្រូវកម្លាំងនាំទៅប៉ុស្តិ៍អប់រំ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានជូនដំនឹងពីករណីនាំក្មេងចំនួន ១២ នាក់ យកទៅអប់រំណែនាំនៅប៉ុស្តិ៍នគរបាល បន្ទាប់ពីពួកគេគេចម៉ោងរៀន មកផ្ដុំគ្នានៅក្នុងម៉ាតមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ដើមហេតុគឺមានប្រជាពលរដ្ឋបានផ្ញើសារចូលក្នុងផេកហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលខណ្ឌចំការមនថាមានកូនសិស្សសាលាគេចម៉ោងរៀនបានទៅអង្គុយប្រមូលផ្តុំគ្នានៅក្នុងហាងម៉ាតមួយកន្លែងយីហោ Cicle Mart ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម នៅថ្ងៃទី ១៨ ខែកក្កដា ២០២៤ វេលាម៉ោង ១៥:០០ នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះទៅដល់ទីតាំងខាងលើដើម្បីពិនិត្យមើល ក៏បានឃើញមានក្មេងគេចម៉ោងរៀនមកអង្គុយប្រមូលផ្តុំគ្នានៅក្នុងម៉ាតយីហោ Cicle mart ជាន់ទី ១ សរុបចំនួន ១២ នាក់ ស្រី ០៧ នាក់ បន្ទាប់មកកម្លាំងក៏បាននាំក្មេងទាំង ១២ នាក់នោះ ទៅកាន់ប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ដើម្បីធ្វើការអប់រំណែនាំ និង ទំនាក់ទំនងទៅអាណាព្យាបាលមកទទួលយកក្មេងទាំងអស់នោះត្រលប់ទៅវិញ និង អប់រំបន្ត៕

ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

អត្ថបទដែលជាប់ទាក់ទង