គួរឱ្យអាសូរ! ឆេះអគារ ១៤ ជាន់នៅចិន បណ្ដាលឱ្យមនុស្ស ៦ នាក់ឆេះស្ល-ា.//ប់ក្នុងភ្លើង

នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤​ កន្លងទៅនេះ មានករណីអគ្គិភ័យមួយ បានឆាបឆេះនៅអគារ ១៤ ជាន់មួយកន្លែងនៅប្រទេសចិន ដែលបង្កឱ្យមនុស្សស្លាប់ចំនួន ៦ នាក់ និង ៣០ នាក់ទៀត ត្រូវបានជម្លៀសចេញពីអគារ។

តាមព័ត៌មានបានឱ្យដឹងថា​ អគារដែលកើតហេតុ ជាផ្សារទំនើប ១៤ ជាន់ឈ្មោះ Jiuting ស្ថិតនៅទីក្រុង Zigong ខេត្ត Sichuan ភាគនិរតីប្រទេសចិន។ ក្រោយពីទទួលបានដំណឹងមានការឆាបឆេះ នៅម៉ោងប្រហែល ៦ ល្ងាច អាជ្ញាធរប្រចាំតំបន់ ក៏បានធ្វើការចុះទៅអន្តរាគមន៍ពន្លត់ភ្លើងភ្លាមៗ រហូតដល់ប្រហែលជាម៉ោង ៨ និង​ ២០​ នាទីយប់ ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ ក្នុងនោះដែរ មានមនុស្សចំនួន ៦ នាក់បានបាត់បង់ជីវិត ចំណែក ៣០ នាក់ទៀត ត្រូវបានគេជួយជម្លៀសចេញពីអគារបានដោយសុវត្ថិភាព។

យ៉ាងណាមិញ វីដេអូនៃការឆាបឆេះរបស់អគារ ត្រូវបានមហាជនជាច្រើននាំគ្នាចែកចាយពេញបណ្តាញសង្គម ព្រោះជាការឆាបឆេះមួយដ៏គួរឱ្យខ្លាច បង្កជាផ្សែងអួរអាប់ងងឹតស្លុបសឹងតែពេញទីក្រុង។ ដោយឡែក នៅក្នុងឆ្នាំ ២០២៤ នេះ គេសង្កេតឃើញថា ប្រទេសចិនបានជួបប្រទះអគ្គិភ័យច្រើនលើកណាស់មកហើយ ហើយក្នុងមួយករណីៗកន្លងមក បានឆក់ជីវិតមនុស្សទៅមិនក្រោម ១០ នាក់ឡើយ៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖ 

អត្ថបទដែលជាប់ទាក់ទង