ខេត្តស្ទឹងត្រែង ទុកពេល ៣០ ថ្ងៃ ឱ្យរុះរើផ្ទាំងប៉ាណូ ស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរ និង គ្រឿងស្រវឹងចេញបន្ទាន់

រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី ១៧ ​ខែកក្កដា ឆ្នាំ ២០២៤ នេះ បានចេញសេចក្តីជូនដំណឹង ឱ្យបានដឹងថា កន្លងមក រដ្ឋបាលខេត្តបានសង្កេតឃើញមានការដំឡើងប៉ាណូផ្សាយពាណិជ្ជកម្មនៅតាមទីតាំងមួយចំនួនគ្មានច្បាប់អនុញ្ញាត ខ្លះទៀតមានសភាពចាស់ទ្រុឌទ្រោម និង ដាច់ធ្លាក់ ហើយថែមទាំងបានផ្សាយពាណិជ្ជកម្មស្រាបៀរ និង គ្រឿងស្រវឹងគ្រប់ប្រភេទផងដែរ ដែលសកម្មភាពនេះបានធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយ និង សណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

ក្នុងន័យនេះ រដ្ឋបាលខេត្ត បានធ្វើការណែនាំដូចខាងក្រោម ៖

១. ធ្វើការរុះរើរបារកាត់ទទឹងផ្លូវចេញពីទីតាំងលើកំណាត់ផ្លូវលេខ ៦៤ មុខវិទ្យាល័យព្រះរាជបូជនីយ៍កិច្ច ក្បែររង្វង់មូលព្រះបាទជ័យវរ្ម័នទី ៧ និង ផ្ទាំងផ្សាយពាណិជ្ជកម្មលើសួនរង្វង់មូលអូរពងមាន់ ដោយសហការជាមួយអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរើយកទៅដាក់នៅទីតាំងសមរម្យណាមួយ។

២. ធ្វើការរុះរើស្លាកប៉ាណូ និង ផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀរ និង គ្រឿងស្រវឹងគ្រប់ប្រភេទទាំងអស់ ដោយលើកទឹកចិត្តក្នុងការកែសម្រួលមកផ្សព្វផ្សាយរូបភាពតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិនានាក្នុងខេត្តវិញ។

៣. ធ្វើការរុះរើផ្ទាំងប៉ាណូដែលស្ថិតនៅលើជាប់ជញ្ជាំងអគារ និង នៅលើដីចំណីផ្លូវសាធារណៈ ដែលអស់សុពលភាព ឬ គ្មានច្បាប់អនុញ្ញាត ឬ ដាច់រហែក ចាស់ពុកផុយ ទ្រុឌទ្រោម និង ត្រូវហាមឃាត់រាល់ការបំពាក់ផ្ទាំងផ្សាយពាណិជ្ជកម្ម ទាំងរូបភាព និងខ្លឹមសារអក្សរ ដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

៤. រដ្ឋបាលខេត្ត ទុករយៈពេល ៣០ ថ្ងៃ សម្រាប់លោក លោកស្រី ដើម្បីធ្វើការរុះរើដោយស្ម័គ្រចិត្ត ផុតរយៈពេលកំណត់នេះ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរុះរើស្របតាមនីតិវិធីច្បាប់ជាធរមាន។ ក្នុងករណីនេះ រដ្ឋបាលខេត្ត មិនទទួល ខុសត្រូវចំពោះការខូចខាតជាយថាហេតុណាមួយ ដែលបណ្តាលមកពីការរុះរើនោះឡើយ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង