ចាប់ពីម៉ោង ៥ ព្រឹក ថ្ងៃទី ១៩ នៅភ្នំពេញ នឹងបញ្ចៀសចរាចរនៅកំណាត់ផ្លូវមួយ ដើម្បីធ្វើពិធីប្រសិទ្ធនាមឈ្មោះផ្លូវ
រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានចេញសេចក្តីជូនដំណឹងឱ្យបានដឹងថា ក្រសួងសាធារណការ និង ដឹកជញ្ជូន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង» នៅរង្វង់មូលមហាវិថី ឈ្នះ ឈ្នះ ខាងត្បូងនៃស្ពានអាកាសផ្លូវជាតិលេខ ៤ ស្ថិតក្នុងភូមិ ជម្ពូវ័ន្ត ២ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យបានដឹងថា ក្រុមការងារនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថី ស៊ី ជីនពីង ចាប់ពីចំណុចប្រសព្វរវាងផ្លូវជាតិលេខ ៤ បត់ទៅខាងត្បូងតាមមហាវិថី ឈ្នះ ឈ្នះ ដល់រង្វង់មូលខាងត្បូងនៃស្ពានអាកាសផ្លូវជាតិលេខ ៤ បន្តរហូតដល់ផ្លូវបំបែកផ្លូវល្បឿនលឿន នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ ចាប់ពីវេលាម៉ោង ០៥:០០ នាទី រហូតដល់បញ្ចប់កម្មវិធី ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើ មេត្តាជ្រាបយោគយល់អធ្យាស្រ័យ និង បញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើ ខណៈផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖