សត្វជ្រូកទឹកមួយក្បាល ដែលជាសត្វកម្រ និងងាយរងគ្រោះ ត្រូវបានប្រទះឃើញ មករស់នៅក្នុងសហគមន៍នេសាទព្រែកត្នោត

នាយខណ្ឌរដ្ឋបាលជលផល លោក ស សុរិន បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះថា កាលពីថ្ងៃទី៤ និងទី៥ ខែកក្កដា កន្លងទៅថ្មីៗនេះ ក្រុមការងាររបស់អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានប្រទះឃើញវត្តមានជ្រូកទឹក១ក្បាលទៀត បានមករស់នៅក្នុងដែនសហគមន៍នេសាទព្រែកត្នោត។

លោកបានបន្តថា វត្តមានជ្រូកទឹកនេះធ្វើឱ្យយើងដឹងថា មជ្ឈដ្ឋានសមុទ្រខេត្តកំពត ពិសេសតំបន់អភិរក្ស និងសហគមន៍នេសាទទាំងអស់ សំបូរធនធាន មានជីវៈចម្រុះច្រើន សំបូរចំណីអាហារ ក្លាយជាទីជម្រកដ៏មានសុវត្ថិភាព សម្រាប់ពពួកសត្វកម្រ សត្វងាយរងគ្រោះ មានដូចជាពពួកជ្រូកទឹក អណ្តើកសមុទ្រ ត្រីសេះសមុទ្រ និងផ្សោតជាដើម។

លោកនាយខណ្ឌបានបញ្ជាក់ថា បន្ទាប់ពីមានកិច្ចសហការល្អជាមួយអង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ យើងបានបង្ក្រាបបទល្មើសជាប្រចាំ និងបានអភិរក្សស្មៅសមុទ្រ ផ្កាថ្ម និងការពារព្រៃកោងកាងបានយ៉ាងល្អ ធ្វើឱ្យប្រភេទសត្វកម្រ សត្វងាយរង់គ្រោះ បានវិលមករស់នៅតំបន់អភិរក្សក្នុងសហគមន៍នេសាទត្រពាំងរពៅ សហគមន៍នេសាទព្រែកត្នោត និងសហគមន៍នេសាទចង្ហោនច្រើន ក្នុងរយៈពេលចុងក្រោយនេះ។ លោកបានបញ្ជាក់ផងដែរថា ពួកសត្វកម្រ និងងាយរងគ្រោះ មានជ្រូកទឹក អណ្តើកសមុទ្រ ត្រីសេះសមុទ្រ ផ្សោតជាដើមនេះ វារស់នៅតែក្នុងតំបន់ណាដែលមានសុវត្ថិភាព គ្មានការរំខាន់ មានទីជ្រក និងសំបូរចំណីអាហារប៉ុណ្ណោះ។

ក្រុមការងាររបស់អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានបញ្ជាក់ដែរថា មកដល់ថ្ងៃនេះក្រុមការងារនៅមិនទាន់អាចបញ្ជាក់ចំនួនសត្វជ្រូកទឹកក្នុងដែនសមុទ្រខេត្តកំពតបាននៅឡើយទេ រង់ចាំគម្រោងសិក្សាស្រាវជ្រាវបញ្ចប់នៅឆ្នាំនេះសិន ប៉ុន្តែក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ក្រុមការងារបានប្រទះឃើញជ្រូគទឹកនៅខេត្កកំពត៥លើក នៅតំបន់វាលស្មៅសមុទ្រដែលក្រុមការងារបានទម្លាក់ប្រអប់សិប្បនិមិត្ត ព្រោះចំណីជ្រូកទឹកគឺស្មៅសមុទ្រ។ ខេត្តកំពតមានសហគមន៍នេសាទចំនួន៩កន្លែង មានស្មៅសមុទ្រចំនួន១១ប្រភេទ លើផ្ទៃបាតសមុទ្រ ៨ ៤៣៥ហិកតា  ផ្កាថ្ម ៩៥៣ហិកតា ព្រៃកោងកាង ១ ៩៦៦ហិកតា និងទីតាំងអភិរក្សមានចំនួន១៣កន្លែង៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង