ប្រធានក្រុម Messi មិនទាន់សម្រេចចិត្តថា តើនឹងអាចបន្តលេងឱ្យប្រទេសរហូតដល់ World Cup 2026 នោះទេ

(ឡាទីន)៖ នៅមុនការប្រកួតប្រជែងដណ្តើមបានពានរង្វាន់ Copa America 2024 កីឡាករប្រធានក្រុមអាហ្សង់ទីន Lionel Messi បាននិយាយថា «មិនទាន់សម្រេចចិត្តថាតើនឹងលេងឱ្យប្រទេសរហូតដល់ការប្រកួត World Cup ឆ្នាំក្រោយនោះទេ ដែលធ្វើនៅសហម្ចាស់ផ្ទះរវាងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក» ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន ទល់នឹងក្រុមកូឡុំប៊ី កីឡាករពាក់លេខ១០ Messi ត្រូវបានប្តូរចេញនៅនាទី៦៦ ក្នុងវគ្គទី២ ក្រោយជួបបញ្ហារបួស ខណៈអាហ្សង់ទីន បានយកឈ្នះកូឡុំប៊ី ១-០ នៅការលេងម៉ោងបន្ថែម ១៥នាទី ២ដង ធ្វើបានសម្រេចដោយកីឡាករបម្រុង Lautaro Martinez នៅនាទីទី១១២ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

នេះក៏ជាការឈ្នះពានកម្រិតអន្តរជាតិ ៣លើកជាប់ៗគ្នារបស់ជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីការលើកពាន Copa America 2021, FIFA World Cup 2022 និង Copa America 2024 ។ និងជាក្រុមឈ្នះពានតំបន់អាមេរិកឡាទីន បានចំនួន ១៦លើកច្រើនជាងគេ។

Messi រកបានតែ ១គ្រាប់គត់នៅប្រកួតពាន Copa 2024 នេះ ដែលមើលទៅមានភាពធ្លាក់ចុះខ្លាំងនៅទម្រុងលេងរបស់រូបគេ បើធៀបនៅរដូវកាល Copa 2021 រូបគេជា Top Scorer ស៊ុតបាន ៤គ្រាប់ច្រើនជាងគេ ៕

អត្ថបទដែលជាប់ទាក់ទង