រូបភាពថតបានពេល Donald Trump រងការយាយីជី-វិតយ៉ាងរ/ន្ធ-ត់ ត្រូវគេព្រីនដាក់អាវយឺតលក់ព្រោងព្រាត

កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ ខណៈធ្វើយុទ្ធនាការមួយនៅតំបន់ Butler រដ្ឋ Pennsylvania សហរដ្ឋអាមេរិក លោក Donald Trump អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានរងការវាយប្រហារដោយខ្មាន់កាំភ្លើង ប៉ុន្តែជាសំណាងល្អ លោកត្រឹមរងរបួសស្រាល។ ភ្លាមៗនោះដែរ ខាងអង្គរក្សរបស់លោក បានស្ទុះចេញមកការពារ នាំលោកចុះពីលើឆាកឆ្ពោះទៅក្នុងឡាន។ ចំពោះខ្មាន់កាំភ្លើងវិញ ត្រូវបានរាយការណ៍ថា ត្រូវកងកម្លាំងបាញ់ស្លាប់ ក្រោយហេតុការណ៍មិនបានប៉ុន្មាន។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ នៅពេលដែលលោក Donald Trump ត្រូវបានគេត្រកងឡើង លោកក៏បានលើកដៃក្ដាប់ឡើងលើ បង្ហាញជាសញ្ញាថា លោកមិនអីទេ រួចទាំងស្រែកពាក្យថា «Fight! Fight! Fight!» ដែលធ្វើឱ្យអ្នកថតរូបជាច្រើន បាននាំគ្នាចុចថតព្រឹត្តការណ៍ដ៏សំខាន់មួយនេះសឹងគ្រប់គ្នា។ ជាមួយគ្នានេះដែរ ក៏មានមួយចំនួនផ្សេងទៀត ឆ្លៀតឱកាសពេលនេះ ដើម្បីទទួលបានប្រាក់ចំណូលផងដែរ។

ជាក់ស្ដែង អ្នកផលិតមាតិការអាមេរិកដ៏ល្បីម្នាក់ឈ្មោះ Hodgetwins ក្រោយហេតុការណ៍បាញ់ប្រហារមិនបានប៉ុន្មាន លោកក៏បានបង្ហោះលើបណ្ដាញសង្គម X ដែលជារូបអាវយឺតពណ៌ខ្មៅ មានរូបលោក Donald Trump ក្នុងហេតុការណ៍ក្ដៅៗនេះ ដាក់លក់ភ្លាមៗ។ ក្នុងការបង្ហោះនោះ បានសរសេរសាររៀបរាប់ថា ៖ «១០០% នៃប្រាក់ដែលលក់បានពីអាវយឺតេះ នឹងឱ្យទៅយុទ្ធនាការរបស់ Trump ទាំងអស់»។ រយៈពេលត្រឹមជាង ១២ ម៉ោងនៃការបង្ហោះ រូបភាពនៃអាវយឺតនោះ ទទួលបានការចូលមើល ២.១ លានដង និង អ្នកចុច likes ជាង ៨ ពាន់នាក់។

ក្រៅពីនេះ លើបណ្ដាញសង្គមដដែល បុរសវ័យកណ្ដាលម្នាក់ ពាក់មួក ពាក់វ៉ែនតា និងអាវយឺតពណ៌ខ្មៅ ដែលសរសេរពាក្យពេចន៍ថា «ត្រូវគេបាញ់ប្រហារធ្វើឱ្យខ្ញុំកាន់តែរឹងមាំ»។ អាវយឺតអមជាមួយរូប Donald Trump រួមជាមួយពាក្យពេចន៍របស់លោកជាច្រើនទៀត ត្រូវបានគេប្រទះឃើញដាក់លក់ព្រោងព្រាត មិនថាតែសហរដ្ឋអាមេរិកនោះទេ អាវយឺតកំពុងពេញនិយមនេះ ក៏ឃើញមានលក់នៅប្រទេសចិនផងដែរ៕

ប្រភព៖ Kenh14

អត្ថបទដែលជាប់ទាក់ទង