ឈិត សុវណ្ណបញ្ញា បន្សាត់ខ្លួនឃ្លាតឆ្ងាយពីសិល្បៈចម្រៀងនេះ គេបែរជាឃើញកញ្ញាចូលរួមយ៉ាងសកម្មក្នុងព្រះពុទ្ធសាសនា តែងចូលរួមកម្មវិធីបុណ្យធំៗនានា

ច្រើនឆ្នាំមកហើយដែលតារាចម្រៀងរូបស្រស់ កញ្ញា ឈិត សុវណ្ណបញ្ញា ហាក់លែងសូវខ្វល់ខ្វាយនឹងចេញបទចម្រៀងថ្មីៗ ហើយកម្រនឹងលេចមុខច្រៀងក្នុងឆាកប្រគំតន្រ្តីតូចធំ ដោយកន្លងមក ភាគច្រើនកញ្ញាបង្ហាញមុខចូលរួមតែកម្មវិធីជួបជុំរបស់អ្នកសិល្បៈជិតដិតប៉ុណ្ណោះ។

ក្នុងរយៈពេលដែល ឈិត សុវណ្ណបញ្ញា បន្សាត់ខ្លួនឃ្លាតឆ្ងាយពីសិល្បៈចម្រៀងនេះ គេបែរជាឃើញកញ្ញាចូលរួមយ៉ាងសកម្មក្នុងព្រះពុទ្ធសាសនា ដោយកញ្ញាតែងចូលរួមកម្មវិធីបុណ្យធំៗនានា ហើយជារឿយៗគេតែងឃើញតារាស្រីរូបនេះ ស្លៀកពាក់ស តាំងសមាធិធ្វើឱ្យចិត្តបានស្ងប់សុខ រៀនស្វែងយល់ពីធម៌អាថ៌ ព្រមទាំងសកម្មភាពជាច្រើនដែលបង្ហាញពីការជ្រះថ្លាឈ្វេងយល់ពីរឿងបាបបុណ្យ សាងអំពើល្អ រមែងជួបរឿងល្អៗ។

លើសពីនេះ នៅផ្ទះរបស់ ឈិត សុវណ្ណបញ្ញា ក៏មានរៀបចំអាសនៈព្រះគ្រប់គ្រឿងរណាប់ ទុកគោរពបូជាសុំសេចក្ដីសុខចម្រើនទៀតផង។ សកម្មភាពមួយនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើន នាំគ្នាសរសើរចំពោះ ឈិត សុវណ្ណបញ្ញា មិនតិចនោះទេ ព្រោះថានាងវ័យក្មេងសោះ តែមានចិត្តជ្រះថ្លា ដាក់ចិត្តកាយស្វែងយល់ពីធម៌ធ្វើឱ្យចិត្តបានស្ងប់។

ទោះជាបែបនេះ ក៏មានទស្សនិកជនអ្នកគាំទ្រជាច្រើន នៅតែនឹករឭកដល់ទឹកដមសំឡេងរបស់កញ្ញា ឈិត សុវណ្ណបញ្ញា ដដែល ហើយសង្ឃឹមថាថ្ងៃណាមួយ នាងនឹងវិលមកប្រឡូកលើវិថីសិល្បៈយ៉ាងពេញទំហឹងម្ដងទៀត៕

អត្ថបទដែលជាប់ទាក់ទង