សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនក្រុមជនអន្ធពាល ចំនួន០៥នាក់
ខេត្តបាត់ដំបង ៖ ក្រោយមានបណ្ដឹងចោទប្រកាន់ថា ក្រុមជនអន្ធពាលនេះ បានកាប់កម្ទេចម៉ូតូគេ០១គ្រឿង កាលពីប៉ុន្មានថ្ងៃមុន នៅឃុំតាពូង ស្រុកថ្មគោល រួចរត់គេចខ្លួន ។
ជនសង្ស័យទាំង០៥នាក់នេះ ១-ឈ្មោះ ហាវ លីម៉ីញ អាយុ១៧ឆ្នាំ ២-ឈ្មោះ ភឿប មករា អាយុ១៤ឆ្នាំ (២នាក់នេះជាមុខសញ្ញាកំពុងតាមចាប់ខ្លួន) ៣-ឈ្មោះ វុធ ម៉េងហួរ អាយុ១៦ឆ្នាំ ៤-ឈ្មោះ ចិត្ត ចំរើន អាយុ១២ឆ្នាំ និង៥-ឈ្មោះ ណក់ សីហា អាយុ១៥ឆ្នាំ ។
ជនទាំងនេះត្រូវកម្លាំងជំនាញធ្វើការស្រាវជ្រាវ តាមឃាត់ខ្លួនបាន ក្រោយពីទទូលបណ្ដាងជនរងគ្រោះម្នាក់ឈ្មោះ ដារ៉ា គឹមហ៊ាង ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិប៉ោយយង់ ឃុំតាពូង ប្ដឹងចោទប្រកាន់ថា ក្រុមនេះ បានកាប់កម្ទេចម៉ូតូរបស់ខ្លួនបណ្ដាលឲ្យខូចខាតអស់គ្មានសល់ ។
ជនរងគ្រោះឈ្មោះ ដារ៉ា គឹមហ៊ាង បានឲ្យដឹងថា ក្រុមជនដៃដល់បាន ស្ទាក់កាប់កម្ទេចម៉ូតូរបស់ខ្លួន កាលពីថ្ងៃទី ២២ តុលា នៅចំណុចភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល។ ក្នុងចំណោមនោះ ខ្លួនបានស្គាល់ជនដៃដល់ម្នាក់ឈ្មោះ ម៉ីង រីឯបក្សមួយចំនួនទៀតខ្លួនមិនស្គាល់ទេ ។ តែជនរងគ្រោះរូបនេះ មិនបាននិយាយលម្អិតពីមូលហេតុ ដែលឈានដល់ភាគីគូសត្រូវតាមកាប់កម្ទេចម៉ូតូនោះទេ។
ប្រភពព័ត៌មានខាងក្រៅបាននិយាយថា ភាគីទាំង០២នេះធ្លាប់មានទំនាស់ពាក្យសំដីគ្នា។ ពាក់ព័ន្ធនឹងក្រុមក្មេងទំនើងទាំង០៥នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរឿងកាប់បំផ្លាញម៉ូតូគេនេះ បើតាមលោក សេង លុច អធិការស្រុកថ្មគោលបានប្រាប់ថា ក្នុងចំណោម០៥នាក់នេះ គឺមាន០២នាក់ ជាមុខសញ្ញាចាស់ ដែលមន្ត្រីជំនាញរបស់លោកកំពុងតាមចាប់ខ្លួន ពាក់ព័ន្ធនឹងការកាប់កម្ទេចម៉ូតូគេចំនួន០៤គ្រឿងដែរ កាលពីខែមុន ។ ជន០២នាក់នេះ គឺឈ្មោះ ហាវ លីម៉ីង និងឈ្មោះ ភឿប មករា ហើយនៅមានបក្សពួកប៉ុន្មាននាក់ទៀតដែលកំពុងគេចខ្លួន ។ បើនិយាយពីប្រវត្តិប្រព្រឹត្តបទល្មើសរបស់ឈ្មោះ ម៉ីង និងឈ្មោះ មការា រួមជាមួយបក្សពួកប៉ុន្មាននាក់ទៀត លោកអធិការបានរំលឹកថា ក្រុមនេះធ្លាប់ព្រួតគ្នាប្រើប្រាស់កាំបិតកាប់កម្ទេចម៉ូតូគូសត្រូវរបស់ខ្លួនបណ្ដាលឲ្យខូចខាតអស់ចំនួន០៤គ្រឿង កាលពីល្ងាចថ្ងៃទី២៦ កញ្ញា កន្លងទៅថ្មីៗនេះ នៅចំណុចស្ថានីយប្រេងមួយកន្លែង នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល នៅពេលដែលក្រុមជនរងគ្រោះជិះម៉ូតូចូលទៅឈប់នៅខាងមុខម៉ាត ក្នុងស្ថានីយប្រេងនេះ ។
ក្រោយកាប់កម្ទេចម៉ូតូអស់០៤គ្រឿង ក្រុមជនដៃដល់បានជិះគេចខ្លួនបាត់ខ្លួត តែត្រូវមន្ត្រីជំនាញកំណត់បាននូវមុខសញ្ញាក្រុមនេះមួយចំនួនដែរ។ ក្រោយពីកំណត់មុខសញ្ញាមន្ត្រីជំនាញបានធ្វើការស្រាវជ្រាវ ទើបត្រូវឃាត់ខ្លួន ក្រោយពេលជនទាំង០២នាក់ រួមជាមបក្សពួកបានប្រព្រឹត្តបទល្មើសដដែលៗជាថ្មី ។
ក្រោយត្រូវឃាត់ខ្លួននាំយកទៅសួរនាំ ក្រុមជនសង្ស័យបានសារភាពទទួលស្គាល់ទង្វើរបស់ខ្លួនថា ពួកគេពិតជាបានរួមដៃគ្នាកាប់កម្ទេចម៉ូតូជនរងគ្រោះឈ្មោះ គឹមហ៊ាង មែន។ ដោយឡែក ជនសង្ស័យឈ្មោះ ម៉ីញ និងឈ្មោះ មករា ដែលធ្លាប់កាប់កម្ទេចម៉ូតូគេ០៤គ្រឿង ក៏បានសារភាពផងដែរថា ពួកខ្លួនទាំង០២នាក់ និងបក្សពួកប៉ុន្មាននាក់ទៀតដែលកំពុងគេចខ្លួន ពិតជាបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់មែន។ ពេលនេះ មន្ត្រីជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនក្រុមក្មេងអន្ធពាលទាំង០៥នាក់ រាប់ទាំងកូនក្មេងមិនទាន់ជ្រុះពន្លៃពីក្បាលផង ទៅកាន់ស្នងការខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕