ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ប្រមាណជិត២លាននាក់

ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១១ ខែកក្កដានេះ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា ដើមឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ២,៦៤០,៩៩ នាក់ កើនឡើង ២២.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ក្នុងនោះភ្ញៀវទេសចរចូលមកតាមផ្លូវអាកាសប្រមាណ ៩៨៦,៤៣៥ នាក់ ផ្លូវគោកប្រមាណ ១,៦១២,៥៤៧ នាក់ និងផ្លូវទឹកប្រមាណ ៤២,០១៧ នាក់។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជា មានភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ ១០,៦៨៨,០៧៣ នាក់ ក្នុងនោះភ្ញៀវទេសចរជាជនបរទេសមានចំនួនប្រមាណ ១,៩០៦,៨០០ នាក់ កើនឡើង៦៩.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ក្នុងនោះគោលដៅទេសចរណ៍ធំៗដូចជា៖ រាជធានីភ្នំពេញ ប្រមាណ ១,០៩០,៤៣៤ នាក់, ខេត្តសៀមរាប ប្រមាណ ៤៧១,២៥៨ នាក់, តំបន់ឆ្នេរ ប្រមាណ ២៤១,២៧៣ នាក់, តំបន់អេកូទេសចរណ៍ ប្រមាណ ១៨,៧៩៨ នាក់ និងតំបន់ផ្សេងៗទៀត ប្រមាណ ៨៤,០៥៣នាក់។

សូមជម្រាបជូនផងដែរថា ប្រទេសទាំង ១០ ដែលមានភ្ញៀវទេសចរធ្វើដំណើរមកកាន់ប្រទេសកម្ពុជាច្រើនជាងគេមានដូចជា៖ ប្រទេសថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភពអង់គ្លេស និងជប៉ុន៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង