សម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកភាពសំណើលោក គង់ បុរាណ កូនប្រុសលោកតា គង់ ណៃ សុំចូលបម្រើក្របខណ្ឌរដ្ឋ

បើគិតមកដល់ពេលនេះរយៈពេលជិតកន្លះខែមកហើយ ដែលព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ បានទទួលមរណភាពកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ។

ក្នុងនោះ សពរបស់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ បានធ្វើពិធីបញ្ចុះ និង បុណ្យ ៧ ថ្ងៃរួចរាល់ហើយដែរ នៅឯភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាស្រុកកំណើតរបស់លោកព្រឹទ្ធាចារ្យផ្ទាល់។

យ៉ាងណាមិញ ថ្មីៗនេះ មហាជនហាក់រំភើបចិត្តយ៉ាងខ្លាំង ក្រោយពីលោក គង់ បុរាណ ជាកូនប្រុសតែម្នាក់ ក្នុងចំណោមកូនៗ ១០ នាក់ របស់ព្រឹទ្ធាចារ្យ គង់ ណៃ ដែលមានជំនាញ និង ស្នងតំណែងចាប៉ីដងវែងពីឪពុកបានស្នើសុំបំពេញការងារចូលក្របខណ្ឌរដ្ឋ ហើយក៏ទទួលបានការយល់ព្រមពីសំណាក់នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងនោះ លោក គង់ បុរាណ បានបង្ហោះសារថា ៖ «ខ្ញុំបាទឈ្មោះ គង់ បុរាណ កូនប្រុសតែម្នាក់គត់ ក្នុងចំណោមបងប្អូន ១០ នាក់ ដែលបានបន្តវេនចាប៉ីពីលោកឪពុក គង់ ណៃ តែសព្វថ្ងៃ ខ្ញុំមិនទាន់មានក្របខណ្ឌរដ្ឋនៅឡើយទេ ខ្ញុំចង់បានក្របខណ្ឌរដ្ឋមួយកន្លែង ដើម្បីជួយបម្រើរដ្ឋដូចពុកខ្ញុំ និង ជីវភាពសម្រាប់ថ្ងៃខាងមុខ។ ដូច្នេះសូមពុកម៉ែបងប្អូន អ៊ំយាយតា ជួយស៊ែរផង ក្រែងដំណឹងនេះជ្រាបដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលលោកជ្រាបដំណឹង។ សូមអរគុណ និងអរព្រះគុណ»

ក្រោយពីឃើញសំណេររបស់លោក គង់ បុរាណ ហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត  បានឆ្លើយតបថា៖ «ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន។ ខ្ញុំឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ។ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះ។ សូមជូនពរប្អូនប្រុស ទទួលបានជោគជ័យក្នុងការបន្តវេនចាប៉ីពីលោកតា គង់ ណៃ»

អត្ថបទដែលជាប់ទាក់ទង