Madam Da ឆ្លើយតបយ៉ាងក្ដៅគគុកទៅកាន់អ្នកចោទនាងថា បែកគ្នាក្រោយពេលសម្ដែងរឿងជាមួយតួប្រុសចប់
ពិតណាស់ នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានផ្ទុះការចាប់អារម្មណ៍ និង ហាក់ភ្ញាក់ផ្អើលខ្លាំង ខណៈបានទទួលដំណឹងថាអ្នកជំនួញអនឡាញដ៏ល្បី Madam Da បានប្រកាសបែកគ្នាជាមួយនឹងស្វាមី ក្រោយពីសាងស្នេហ៍ជាមួយគ្នារយៈពេល ៨ ឆ្នាំ។
ក្រោយទទួលដំណឹងដ៏ភ្ញាក់ផ្អើលមួយនេះ មហាជនអ្នកតាមដាន និង គាំទ្ររបស់អ្នកជំនួញអនឡាញដ៏ល្បីរូបនេះ ក៏បានចែករំលែកបន្តគ្នាដោយភ្ជាប់ជាមួយនឹងការបញ្ចេញមតិសោកស្ដាយខ្លាំងចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរ ដោយក្នុងនោះក៏មានមតិមួយចំនួនបង្ហាញការវែកញែកទាក់ទិននឹងរឿងរ៉ាវបែកបាក់នេះផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីបានឃើញមហាជនមួយចំនួនផ្ទុះការបញ្ចេញមតិវែកញែក និង មានអ្នកខ្លះបញ្ចេញមតិដោយមិនបានដឹងរឿងច្បាស់នោះ ក៏បានឃើញ Madam Da បង្ហោះសារលើគណនីហ្វេសប៊ុកជាថ្មី ដោយបាននិយាយបកស្រាយបញ្ជាក់ពាក់ព័ន្ធនឹងមតិដែលគេថាអ្នកនាងបែកពីស្វាមី ក្រោយពីថតរឿងភាគខ្លីៗជាមួយនឹងតារាសម្ដែងប្រុសល្បីៗមួយចំនួនកន្លងមក។
ក្នុងនោះ Madam Da ក៏បានអះអាងឱ្យដឹងថាទំនាក់ទំនងប្ដីប្រពន្ធរបស់អ្នកនាង គឺបានបែកគ្នាតាំងពីមុនថតរឿងមកម្ល៉េះ ដោយគ្រាន់តែអ្នកទាំងពីររក្សាទំនាក់ទំនងរាប់អានធម្មតា តែទើបបង្ហាញជាសាធារណៈនៅពេលថ្មីៗនេះ ព្រោះថាទំនាក់ទំនងរបស់អ្នកទាំងពីរមិនអាចបន្តទៅមុខទៀតបាន។
ក្នុងនោះ លើគណនីហ្វេសប៊ុករបស់ Madam Da បានបង្ហោះសារៀបរាប់ថា ៖ «ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង!!! មានបងប្អូន ២ ទៅ ៣ នាក់ គាត់បាន Comment ថា៖ «ម៉ាដាម ថតរឿងហើយ ក៏កើតជារឿងបែកគ្នា ប្រហែលមកពី… »។ ខ្ញុំចង់បញ្ជាក់ថាពួកយើងបានបែកគ្នាមុនថតរឿងនឹងទៅទៀត!!! តែពួកយើងនៅមានទំនាក់ទំនងធម្មតានឹងគ្នា!!! ក្នុងទំនាក់ទំនងមួយនេះ ខ្ញុំបានព្យាយាមរក្សាអស់ពីកម្លាំងកាយចិត្តហើយ!! ខ្លួនជាមនុស្សស្រីត្រូវខំធ្វើការរកស៊ី ជាជំហរនៃគ្រួសារ ទទួលបន្ទុកគ្រប់យ៉ាង!! ក្នុងគ្រួសារខ្ញុំជាស្រី ហើយក៏ជាប្រុសដែរ ខ្ញុំពិតជាពិបាកណាស់!!! ចំណុចខ្លះ ខ្ញុំមិនចង់និយាយទេ តែគ្រាន់តែប្រាប់ថា ខ្ញុំក៏ឆ្អែតផងដែរ!
ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនឹង!!! បងប្អូនមិនអាចបន្ទោសខ្ញុំទាំងមិនដឹងការពិតបានទេ! គោរព និង ស្រឡាញ់បងប្អូនខ្លាំង!!»៕