អ្នករស់នៅខុនដូរមួយកន្លែងនៅបាងកក ទៅជាភ្នែកក្រហមរាប់រយនាក់ មូលហេតុមកពីប្រើទឹកមានផ្ទុកមេរោគប៉ារ៉ាស៊ីត
សារព័ត៌របស់ថៃ បានរាយការណ៍ពីរឿងរ៉ាវរបស់ខុនដូរមួយកន្លែង ដែលមានទឹកប្រើប្រាស់ផ្ទុកមេរោគប៉ារ៉ាស៊ីត បណ្តាលឱ្យអ្នកស្នាក់នៅរាប់រយនាក់ ទៅជាឡើងភ្នែកក្រហមសឹងតែគ្រប់គ្នា។
ខុនដូមួយកន្លែងនេះ ស្ថិតនៅទីក្រុងបាងកក ហើយក្នុងនោះ មានអ្នកស្នាក់នៅម្នាក់បានបង្ហោះលើបណ្តាញសង្គមថា នៅខុនដូរដែលខ្លួនកំពុងស្នាក់នៅនេះ កំពុងតែមានបញ្ហារឿងទឹកប្រើប្រាស់ដែលមានផ្ទុកមេរោគ ដែលធ្វើឱ្យអ្នកប៉ះពាល់មានអាការៈភ្នែកក្រហមជាខ្លាំង ហើយនៅពេលដែលទៅពេទ្យត្រួតពិនិត្យមើល ក៏ឃើញថាមានប៉ារ៉ាស៊ីត Acanthamoeba និង Microsporidia ដែលនៅក្នុងទឹក។ គេបានផ្តល់ដំណឹងទៅអ្នកគ្រប់គ្រងខុនដូរដែរ ប៉ុន្តែហាក់គ្មានការអើពើសោះ រីឯមនុស្សដែលឆ្លងក៏កើតឡើងខ្ទង់រយនាក់ទៅហើយ។
យ៉ាងណាមិញ មានគណនីមួយទៀតបានឱ្យដឹងថា រោគសញ្ញានេះត្រូវបានគេហៅថា មីក្រូស្ពែឌីយ៉ូស (Microsporiodiosis) បណ្តាលមកពីប៉ារ៉ាស៊ីតនៅក្នុង phylum Microspora ។ នេះជាប៉ារ៉ាស៊ីតដែលមាននៅក្នុងភាវៈរស់ជាច្រើនដូចជាសត្វល្អិត ត្រី សត្វស្លាប ថនិកសត្វ។ ហើយនៅពេលដែលមនុស្សប្រើប្រាស់ទឹកដែលមានមេរោគប៉ារ៉ាស៊ីតនេះ វានឹងចូលទៅក្នុងកោសិកាមនុស្សភ្លាម។ រោគសញ្ញាអាចព្យាបាលដោយថ្នាំអង់ទីប៊ីយោទិច ប៉ុន្តែប្រសិនជាវាកាន់តែធ្ងន់ធ្ងរ នោះប្រហែលជាត្រូវព្យាបាលដោយការប្តូរកែវភ្នែក៕
ប្រភព៖ pptvhd36