ឆមាសទី១ឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករជាង៣០០ពាន់តោន និងស្រូវជាង២.៥លានតោន គិតទឹកប្រាក់ចំណូលជិត១ពាន់លានដុល្លារ
ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៣៨ ៦៥៤ តោន ទទួលបានទឹកប្រាក់ចំនួនជាង២៤៧ លានដុល្លារ និងនាំចេញស្រូវជាង២.៥លានតោន ទទួលបានទឹកប្រាក់ជាង៧២៧លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលក្រុមការងារប្រតិបត្តិផ្សព្វផ្សយក្រសួងព័ត៌មានទទួលបាននារសៀលថ្ងៃទី៩ ខែកក្កដានេះ។
របាយការណ៍ដដែល បានបន្ថែមថា អង្ករបរិមាណជាង៣៣ម៉ឺនតោននេះ ត្រូវបាននាំចេញ តាមរយៈក្រុមហ៊ុនចំនួន៥១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៣ ដែលក្នុងនោះនាំទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ មានចំនួន ១៥៦ ៧៨៩ តោន គិតជាទឹកប្រាក់ចំនួន ១២១.៣២ លានដុល្លារសហរដ្ឋអាមេរិក , ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ មានចំនួន ៧៥ ៣៩៨ តោន គិតជាទឹកប្រាក់ចំនួន ៤៧.០១ លានដុល្លារសហរដ្ឋអាមេរិក ,ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៧៤ ៥៥៤ តោន គិតជាទឹកប្រាក់ចំនួន ៥១.៨៥ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៧ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៣១ ៩១៣ តោន គិតជាទឹកប្រាក់ចំនួន ២៧.៤២ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករ ដែលបាននាំចេញរួមមាន អង្ករក្រអូបចំនួន ៧០.៦៣% ប្រភេទអង្ករស ធម្មតា ២៥.០៧% អង្ករចំហ៊ុយ ២.៥៧% អង្ករសរីរាង្គចំនួន ១.៤៨% និងអង្ករផ្សេងៗចំនួន ០.២៥% ។
ជាមួយគ្នា ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២,៥២៨,០១១តោន ទទួលបានទឹកប្រាក់ប្រមាណជាង ៧២៧.៣៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៧៥% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕
ប្រភព៖ ក្រសួងព័ត៌មាន