ដេកគ្រប់គ្រាន់រស់បានយូរ តែបើទម្លាប់ដេកយូរអាចអាយុខ្លី ព្រោះប្រឈមហានិភ័យកើតជំងឺរួមរឹត ៥ មុខនេះ

ការដេកគ្រប់គ្រាន់មានសារសំខាន់បំផុតចំពោះសុខភាព និង បញ្ញាស្មារតី។ មនុស្សមួយចំនួនតែងចូលចិត្តដេកច្រើនម៉ោង ដែលពួកគេយល់ថា ការដេកច្រើនអាចធ្វើឱ្យពួកគេសម្រាកបានគ្រប់គ្រាន់។ ចំណែកឯមនុស្សមួយចំនួនទៀត ចូលចិត្តដេកច្រើនម៉ោងក៏ដោយសារតែទម្លាប់។ ជាទូទៅដំណេកគ្រប់គ្រាន់សម្រាប់មនុស្សធំគឺចាប់ពី ៧ ទៅ ៨ ម៉ោង តែបើសិនដេកលើសពីនេះ វាអាចប្រឈមហានិភ័យអាយុខ្លីមិនខាន។ ខាងក្រោមនេះជាហេតុផល ៖

១. ប៉ះពាល់ដល់ការចងចាំ

តាមការសិក្សាស្រាវជ្រាវបង្ហាញថា មនុស្សដែលដេកច្រើនលើសពី ៩ ឬ ១០ ម៉ោង មានការចងចាំខ្សោយជាងមនុស្សដែលគេងត្រឹមតែ ៧ ឬ ៨ ម៉ោង ហើយខួរក្បាលពួកគេចាស់ជាងអាយុ ២ ឆ្នាំ។​

២. កើតជំងឺដាច់សរសៃឈាមខួរក្បាល

បន្ទាប់ពីអ្នកជំនាញសិក្សាទៅលើការដេកទៅតាមអាយុ និង សុខភាពផ្លូវភេទ មនុស្សដែលគេងលើសពី ៨ ម៉ោង​​ ងាយប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលរហូតដល់ទៅ ៤៦ ភាគរយ។

៣. កើតជំងឺទុក្ខព្រួយ

ការគេងច្រើនពេកអាចធ្វើឱ្យសុខភាពខួរក្បាលចុះខ្សោយ ជាពិសេសអ្នកចូលចិត្តផឹកស្រាហើយគេងទ្រមក់។ ជាការពិត នៅពេលភ្ញាក់ឡើង មនុស្សប្រភេទនេះនឹងមានអារម្មណ៍ខ្សោះថាមពល វិលមុខ ក្រៀមក្រំ និង តប់ប្រមល់ ដែលនេះគឺជាការវិវត្តទៅរកជំងឺទុក្ខព្រួយ។ ម្យ៉ាងវិញទៀត មនុស្សប្រភេទនេះភាគច្រើនឧស្សាហ៍វង្វេងស្មារតី គិតអ្វីស្ទក់ៗ ឬ និយាយភ្លេចភ្លាំង ជាដើម។

៤. កើតជំងឺទឹកនោមផ្អែម

ការសិក្សាមួយបង្ហាញថា មនុស្សដេកពេលយប់លើសពី ៩​ ម៉ោង ងាយប្រឈមកើតជំងឺទឹកនោមផ្អែមបំផុត។ នេះក៏ដោយសារការសំងំដេកមិនធ្វើអ្វីមួយរយៈពេលយូរអាចបង្កើនជាតិគ្លុយកូសក្នុងខ្លួន។

៥. ឈឺក្បាលរុំារ៉ៃ

ការដេកច្រើនជ្រុលអាចកើតជាបញ្ហាឈឺក្បាលរុំារ៉ៃឬឈឺប្រកាំង។ ក្រៅពីដេកយប់ មនុស្សមួយចំនួនបានដេកបន្ថែមនៅពេលថ្ងៃ ពេលដេកច្រើនជ្រុល ដល់ពេលភ្ញាក់ឡើងអាចកើតអារម្មណ៍ ក្រៀមក្រំ ឯកោ ឬ មានចំណង់ឃ្លានដែលធ្វើឱ្យឡើងទម្ងន់៕

 

អត្ថបទដែលជាប់ទាក់ទង