មន្ត្រីជំនាញធ្វើសន្និសីទសារព័ត៌មានបំភ្លឺពាក់ព័ន្ធការដំឡើង និងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល
ភ្នំពេញ៖អាជ្ញាធរអគ្គិសនីកម្ពុជានិងក្រសួងរ៉ែនិងថាមពលកាលពីថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២៤បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ក្នុងគោលបំណងបំភ្លឺពាក់ព័ន្ធការធ្វើស្វ័យប្រកាសពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ។
លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានបញ្ជាក់ថា អ្នកដែលដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដាច់ដោយឡែក ដូចជាអំពូលភ្លើងសូឡា ឆ្នាំងដាំបាយ និងម៉ូទ័របូមទឹកជាដើម ដែលមិនពាក់ព័ន្ធជាមួយនឹងបណ្តាញក្នុងផ្ទះ ដែលជាប្រព័ន្ធបណ្ដាញអគ្គិសនីរបស់រដ្ឋហើយអានុភាពមិនលើសពី១០គីឡូវ៉ាត់ឬ៥០អំពែគឺមិនតម្រូវឱ្យធ្វើស្វ័យប្រកាសនោះទេ។
ចំណែកអ្នកដែលត្រូវធ្វើស្វ័យប្រកាស គឺជាអ្នកដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យហើយភ្ជាប់ជាមួយ បណ្តាញក្នុងផ្ទះ ដែលភ្ជាប់បណ្តាញអគ្គិសនីរបស់រដ្ឋ និងអ្នកដែលដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដាច់ដោយឡែកដែលមានអានុភាពលើសពី១០គីឡូវ៉ាត់ ឬ៥០អំពែ។
លោក យឹម វិសិដ្ឋ បញ្ជាក់បន្ថែមថា ការតម្រូវឱ្យធ្វើស្វ័យប្រកាសនេះ គឺដើម្បីដឹងថាការដំឡើងនិងប្រើប្រាស់ប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យនៅក្នុងប្រទេសកម្ពុជា មានចំនួនប៉ុន្មាន? មានអានុភាពប៉ុន្មាន និងនៅតំបន់ណាខ្លះ?ដើម្បីងាយស្រួលក្នុង ការគ្រប់គ្រង និងដើម្បីបញ្ជៀសផលប៉ះពាល់ ដល់បណ្តាញអគ្គិសនីរបស់រដ្ឋ។
គួររំលឹកថា អាជ្ញាធរអគ្គិសនីកម្ពុជាកាលពីថ្ងៃទី៤ ខែកក្កដាបានចេញសេចក្តីអំពាវនាវជាថ្មី ដល់អ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាតអញ្ជើញដាក់ពាក្យស្វ័យ ប្រកាស។
ជាមួយគ្នានេះ អាជ្ញាធរបានណែនាំដល់អ្នកកាន់អាជ្ញាបណ្ណ ធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ត្រូវធ្វើការផ្សព្វផ្សាយនិងត្រៀមទទួល ការធ្វើស្វ័យប្រកាសអំពីការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលរបស់អ្នកប្រើប្រាស់ឋិតក្នុងតំបន់ផ្គត់ផ្គង់របស់ខ្លួន។
ជាការកត់សម្គាល់ ក្រោយមានសេចក្តីជូនដំណឹងនេះ ធ្វើឱ្យមានមតិយល់ច្រលំមួយចំនួន ពីសំណាក់ប្រជាពលរដ្ឋថាអ្នកដែល ដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យទាំងអស់ត្រូវតែធ្វើស្វ័យប្រកាស។ដូច្នេះទើបអាជ្ញាធរអគ្គិសនីកម្ពុជា បានរៀបចំសន្និសីទនេះឡើងដើម្បីធ្វើការបំភ្លឺ។
សូមជម្រាបដែរថា អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញលិខិតជូនដំណឹងម្តងរួចហើយ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការធ្វើស្វ័យប្រកាសអំពីការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ នៅលើដំបូល ដែលពុំមានការអនុញ្ញាត អញ្ជើញទៅដាក់ពាក្យប្រកាស អំពីការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន នៅទីស្នាក់ការរបស់អគ្គិសនីកម្ពុជា ឬទីស្នាក់ការរបស់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជន ដែលឋិតនៅក្នុងតំបន់របស់ខ្លួន កំពុងប្រើប្រាស់អគ្គិសនី។ចាប់តាំងពីពេល ជូនដំណឹងនោះមក មានអ្នកចូលទៅធ្វើស្វ័យប្រកាសត្រឹម ៩៤នាក់ប៉ុណ្ណោះ ដែលជាចំនួនតិចតួចនៅឡើយទើបអាជ្ញាធរ ធ្វើការជូនដំណឹងជាលើកទី២ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីជាការរំលឹកឱ្យចូលទៅធ្វើស្វ័យប្រកាស ៕