អាជ្ញាធរអគ្គិសនីកម្ពុជា អំពាវនាវអ្នកប្រើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល (សូឡា) ពុំមានការអនុញ្ញាត សូមមកដាក់ពាក្យស្វ័យប្រកាស

នៅរសៀលថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងជាថ្មីមួយដល់សាធារណជនស្តីពីអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និង ប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល (សូឡា) ដែលពុំមានការអនុញ្ញាត អញ្ជើញដាក់ពាក្យស្វ័យប្រកាស ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤។

សេចក្ដីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ឱ្យដឹងទៀតថា អ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និង ប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាត ឬ ពុំទាន់បានចុះកិច្ចសន្យាប្រើប្រាស់ថ្លៃថាមពលពន្លឺព្រះអាទិត្យលើដំបូលជាមួយអ្នកផ្គត់ផ្គង់ សូមអញ្ជើញមកដាក់ពាក្យស្វ័យប្រកាសពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន ដូចមានក្នុង QR កូដ ភ្ជាប់ជូន នៅទីស្នាក់ការរបស់អគ្គិសនីកម្ពុជា ឬ ទីស្នាក់ការរបស់អ្នកផ្គត់ផ្គត់អគ្គិសនីឯកជន ដែលឋិតនៅក្នុងតំបន់ដែលខ្លួនកំពុងប្រើប្រាស់។

សូមបញ្ជាក់ជូនថា អ្នកប្រើប្រាស់អគ្គិសនីដែលបានដំឡើង និង ប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ពុំមានការអនុញ្ញាត ហើយបានធ្វើស្វ័យប្រកាសមុនថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤ នឹងត្រូវចាត់ទុកថាជាអ្នកប្រើប្រាស់មានការអនុញ្ញាត ដោយឡែកចំពោះអ្នកប្រើប្រាស់អគ្គិសនីដែលបានដំឡើង និង ប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ពុំមានការអនុញ្ញាត ហើយពុំបានធ្វើស្វ័យប្រកាសក្នុងរយៈពេលកំណត់ខាងលើ នឹងត្រូវចាត់ទុកថាជាអ្នកប្រើប្រាស់មានពុំការអនុញ្ញាត ដែលនឹងត្រូវបង់ថ្លៃប៉ះប៉ូវខ្ពស់ជាងអ្នកប្រើប្រាស់មានការអនុញ្ញាត និង/ឬ ផ្អាកជាបណ្ដោះអាសន្ននូវការផ្គត់ផ្គង់អគ្គិសនីពីប្រភពបណ្តាញជាតិ៕

អត្ថបទដែលជាប់ទាក់ទង