ក្រោយក្លាយជាចាងហ្វាងផលិតកម្មយ៉ាងពេញលេញ Peypey Dy បានលើកឡើងថា
កេរ្ដិ៍ឈ្មោះរបស់ Peypey Dy នៅក្នុងវិស័យសិល្បៈ មានភាគសុសសាយត្រូវបានមហាជនស្គាល់ច្រើនមិនធម្មតាទេ ដោយលោកគឺជាអ្នកសម្ដែង និង ផលិតរឿងខ្លីៗបង្ហោះលើ Youtube និង ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដូចជាហ្វេសប៊ុកជាច្រើនរាប់មិនអស់ ដោយកន្លងមកលោកក៏ធ្លាប់ចូលរួមសម្ដែងក្នុងខ្សែភាពយន្តខ្នាតធំមួយចំនួនផងដែរ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ Peypey Dy បានបង្កើតជំនួញផ្ទាល់ខ្លួនជាច្រើន រួមមានហាងលក់បុកល្ហុង ហាងកាហ្វេជាច្រើនសាខា ដែលបច្ចុប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលពីអតិថិជន។ ទោះជាក្លាយជាថៅកែទាំងវ័យក្មេង អាចពង្រីកមុខជំនួញកាន់តែរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្ដែក្ដីស្រមៃ និង ការស្រឡាញ់ចូលចិត្តលើវិស័យកុនរបស់ Peypey Dy មិនអាចឱ្យលោកបញ្ចប់ត្រឹមនេះទេ។
ជាក់ស្ដែង Peypey Dy បានសម្រេចក្ដីស្រមៃដ៏ធំរបស់លោកមួយទៀត គឺលោកបានបើកផលិតកម្មផ្ទាល់ខ្លួន ក្លាយជាចាងហ្វាងផលិតកម្មខ្លួនឯងឈ្មោះ Film Corner ដែលពេលនេះ លោកបានដឹកនាំថតខ្សែភាពយន្តខ្នាតធំលើកដំបូងបាន ១ រឿងហើយ ក្រោមចំណងជើង «ភូមិគ្រឹះអាគម» ដែលត្រៀមនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។
ក្រោយក្លាយជាចាងហ្វាងផលិតកម្មយ៉ាងពេញលេញ Peypey Dy បានលើកឡើងថា ៖ «ពីក្មេងតូចម្នាក់ដែលចូលចិត្តការសម្តែង ធ្វើរឿងខ្លីបង្ហោះតាម YouTube និង social media ក្លាយជាចាងហ្វាងផលិតកម្ម ដែលត្រៀមបង្ហាញស្នាដៃលើកដំបូងតាមរយៈខ្សែភាពយន្ត ភូមិគ្រឹះអាគម»៕