ជីវិតក្មេងកំព្រាម្នាក់នៅកំពង់ចាម ត្រូវឪពុករត់ចោលតាំងពីតូច រស់នៅផ្ទះជួលជាមួយម្ដាយ និង ជីដូនយ៉ាងកម្សត់(វីដេអូ)
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន កំពុងផ្ទុះការចែករំលែកនូវវីដេអូមួយ បង្ហាញពីការអាណិតអាសូរដល់កុមារា ញ៉ ឆានីត ជាពន់ពេក បន្ទាប់ពីបានដឹងពីប្រវត្តិដ៏កម្សាត់កម្ររបស់ប្អូន ដែលត្រូវឪពុកបង្កើតរត់ចោលតាំងពីតូចក្រូចឆ្មារ រស់នៅជាមួយម្ដាយ និង ជីដូនចាស់ជរាក្នុងជីវភាពលំបាកមានព្រឹកខ្វះល្ងាច។
តាមការរៀបរាប់របស់អ្នកគ្រូបន្ទុកថ្នាក់របស់កុមារា ញ៉ ឆានីត បានឱ្យដឹងថា កូនសិស្សរបស់អ្នកគ្រូ រៀននៅសាលាបឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន មេសរជ្រៃ ស្ថិតនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានប្រវត្តិកម្សាត់ខ្លាំងណាស់ ត្រូវឪពុករត់ចោលតាំងពីតូច បច្ចុប្បន្នរូបគេរស់នៅផ្ទះជួលមួយខែ ៨ ម៉ឺនរៀលជាមួយម្ដាយ ដែលប្រកបរបរដើរលាងចានឱ្យគេយកកម្រៃ និង មានជីដូនចាស់ជរាម្នាក់។
កុមារា ញ៉ ឆានីត និយាយទាំងទឹកភ្នែកហូរសស្រាក់អាណិតដល់អ្នកម្ដាយ ដែលខិតខំដើរលាងចានឱ្យគេដើម្បីយកលុយទិញបាយហូប ថ្ងៃខ្លះក៏គ្មានអ្នកហៅគ្មានលុយទិញបាយហូប ចំណែកឯរូបគេវិញ ក៏ដើរតាមព្រះសង្ឃ ហើយក៏មានយាយៗអាណិតឱ្យលុយខ្លះ ដើម្បីយកមកទិញអង្ករជួយសម្រាលបន្ទុកម្ដាយ។ សូមទស្សនាវីដេអូលម្អិត ពីប្រវត្តិដ៏កម្សាត់របស់កុមារា ញ៉ ឆានីត ៖