ក្រុមហ៊ុនមួយទៀតហើយ គ្រោងមុជចុះទៅរកខ្មោចកប៉ាល់ទីតានិច ក្នុងខែនេះ ក្រោយការផ្ទុះនាវាមុជទឹក Titan បាន ១ ឆ្នាំ

កាលពីខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ សោកនាដកម្មផ្ទុះនាវាមុជទឹក Titan របស់ក្រុមហ៊ុន OceanGate ដែលបានឆក់យកជីវិតមនុស្សអស់ ៥ នាក់នៅក្នុងនោះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតស្ទើរពាសពេញពិភពលោក រួមទាំងធ្វើឱ្យក្រុមអ្នកស្រាវជ្រាវមួយចំនួនទៀត មានការខ្លាចរអា សឹងតែលែងហ៊ានចុះស្រាវជ្រាវបន្តនៅទីតាំងដដែលនេះ។ ជាពិសេសជាងនេះទៅទៀតនោះ ខាងរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ព្យាយាមបិទមិនឱ្យមានបេសកកម្មចុះទៅកន្លែងនោះទៀតឡើយ ក្រោយការផ្ទុះនាវាមុជទឹក Titan មក។

យ៉ាងណាមិញ ថ្មីៗនេះ RMS Titanic Inc ដែលជាក្រុមហ៊ុនមួយ មានសិទ្ធិអនុញ្ញាតឱ្យបន្តបេសកកម្មនៅទីតាំងខ្មោចកប៉ាល់ទីតានិច បានប្រកាសថា ពួកគេនឹងបើកបេសកកម្មចុះទៅទីតាំងខ្មោចកប៉ាល់នោះ ក្នុងខែកក្កដា ឆ្នាំ ២០២៤ នេះ ហើយនេះក៏ជាដំណើរចុះរុករកលើកដំបូងផងដែរ ចាប់តាំងពីសោកនាដកម្មផ្ទុះនាវាមុជទឹករបស់ក្រុមហ៊ុន OeanGate នោះ។

ដោយឡែក ខាងក្រុមហ៊ុន RMS Titanic Inc ក៏បានបញ្ជាក់បន្ថែមដែរ បេសកកម្មរបស់ពួកគេ គឺមានភាពខុសប្លែកពីក្រុមហ៊ុន OceanGate និងមានសុវត្ថិភាពជាងថែមទៀត ព្រោះថានាវាមុជទឹករបស់ពួកគេក្នុងបេសកកម្មនេះ គឺមិនមាននាំយកមនុស្សណាម្នាក់ទៅជាមួយនោះឡើយ។ ពោលគឺនាវាត្រូវបានដំណើរការ និងបញ្ជាពីចម្ងាយ ក្នុងការចុះស្រាវជ្រាវទីតាំងកប៉ាល់ទីតានិច។ ការចុះស្រាវជ្រាវនេះដែរ ខាងក្រុមការងាររបស់ពួកគេ នឹងធ្វើការសង្កេត និងសិក្សាពីវត្ថុបុរាណដែលសេសសល់នៅកប៉ាល់ ដែលពួកគេអាចយកមករក្សាទុកសម្រាប់បេសកកម្មបន្ទាប់ទៀតនៅពេលខាងមុខ។ ជាមួយគ្នានេះដែរ ខាងក្រុមហ៊ុនក៏បានសង្កត់ធ្ងន់ដែរថា ពួកគេគឺធ្វើការរុករកនៅបរិវេណខាងក្រៅ មិនចូលទៅខាងក្នុងនាវានោះឡើយ។

គួរបញ្ជាក់ដែរថា គោលបំណងចម្បងនៃការរុករកនេះ គឺពួកគេចង់ប្រមូលព័ត៌មានលម្អិតបន្ថែមជុំវិញសោកនាដកម្មលិចកប៉ាល់ទីតានិចនេះ ដោយគោលបំណងសំខាន់បំផុតនោះ គឺរុករកឧបករណ៍បណ្ដាញឥតខ្សែរបស់លោក Marconi ដែលជាបំណែកនៃឧបករណ៍ដែលគេប្រើប្រាស់ក្នុងការបញ្ជូនសញ្ញាសុំជំនួយ (SOS) អំឡុងពេលជួបគ្រោះថ្នាក់នៅអាត្លង់ទិកខាងជើង មុនពេលកប៉ាល់លិច៕

ប្រភព៖ Dailymail

អត្ថបទដែលជាប់ទាក់ទង