វត្ថុបុរាណខ្មែរចំនួន ១៤ រូប ត្រូវបានបញ្ជូនពីសារមន្ទីរ (MET) សហរដ្ឋអាមេរិក មកដល់កម្ពុជាហើយ
ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៤ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការប្រគល់មកវិញនូវរតនសម្បត្តិជាតិ វត្ថុបុរាណខ្មែរចំនួន ១៤ រូប ពីសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញ៉ូយ៉ក ត្រូវបានបញ្ជូនមកដល់កម្ពុជា នារសៀលថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៤ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការប្រគល់ជូនមកកម្ពុជាវិញ កាលពីខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ។
វត្ថុបុរាណខ្មែរទាំងនេះ មានដូចជា ទេពស្រី (នាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី ១០ គ.ស. ដែលជារូបចម្លាក់ដ៏ល្អឯកមួយមានប្រភពមកពីរាជធានីកោះកេរ។ នៅឆ្នាំ ២០២១ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរកឃើញប្រអប់ជើងនៃ បដិមានេះ នៅរមណីយដ្ឋានប្រាសាទកោះកេរ និងដោយផ្អែកលើសក្ខីកម្មពីអតីតបុគ្គលដែលបានលួចបញ្ជាក់ថា បដិមានេះត្រូវបានលួចយកចេញនៅឆ្នាំ១៩៩៧។ ទីបំផុតរូបចម្លាក់នាងឧមា អាចផ្តុំជាមួយគ្នាឡើងវិញជារូបបដិមាតែមួយពេញលេញ និងល្អវិចិត្រ។
ចម្លាក់ដ៏កម្រ និងជាស្នាដៃឯកមួយទៀតគឺ បដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ចុងសតវត្សរ៍ទី ១០ ដើម ១១ គ.ស ដែលសារមន្ទីរ MET បានទិញបដិមានេះពីលោក Douglas Latchford នៅក្នុងឆ្នាំ ១៩៩២។ វត្ថុបុរាណដ៏សំខាន់មួយទៀត នោះ គឺព្រះកេសព្រះលោកេសូរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី ១០ គ.ស. ដែលកម្ពុជាតែងព្យាយាមស្វែងរក ដើម្បីយកមកផ្តុំឡើង វិញជាមួយនឹងដងខ្លួន បច្ចុប្បន្នកំពុងដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា។ ព្រះកេសនេះប្រហែលត្រូវបានគេលួចនៅក្នុង ទសវត្សរ៍ ១៩៩០ រីឯដងខ្លួនត្រូវបានគេរកឃើញនៅក្នុងស្ទឹងមួយក្នុងទសវត្សរ៍ ១៩៣០ ក្នុងខេត្តបាត់ដំបង។
គួរឱ្យដឹងផងដែរថា ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់យើង ពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំ រវាង ក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុង ញូវយ៉ក (SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) និងតំណាងសារមន្ទីរ MET៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖