តារាចម្រៀងរៀមច្បង ទូច ស៊ុននិច ពោលទាំងរំភើប ក្រោយឃើញ ល្អហួស ផេនខេក និង មាណព ធ្វើរឿងមួយដូចខ្លួនកាលពីនៅច្រៀងបាន

បើរំឭកដល់តារាចម្រៀងស្រីរៀមច្បងដែលមានទឹកដមសំឡេងផ្អែមពីរោះ រណ្ដំដួងចិត្ត អាចឆក់បានបេះដូងទស្សនិកជនទាំងក្មេងចាស់ប្រុសស្រី ឱ្យសញ្ជឹងស្ដាប់នូវសូរសៀងដ៏លន្លង់លន្លោចដក់ជាប់ក្នុងក្រអៅបេះដូងមិនចង់ឃ្លាតឆ្ងាយនោះ គេជឿថាប្រិយមិត្តភាគច្រើនប្រាកដជានឹកដល់សំឡេងច្រៀងដ៏ពីរោះរបស់តារាចម្រៀង ទូច ស៊ុននិច មិនខាន។

យ៉ាងណាមិញ រឿងដែលគួរឱ្យសោកស្ដាយ ទូច ស៊ុននិច បានឃ្លាតកាយឆ្ងាយពីវិថីសិល្បៈចម្រៀងរាប់ឆ្នាំមកហើយ បន្សល់នូវតែអនុស្សាវរីយ៍ទឹកដមសំឡេងក្នុងបទចម្រៀងចាស់ៗតែប៉ុណ្ណោះ។ រៀមច្បង ទូច ស៊ុននិច មិនអាចបង្ហើរសំនៀងច្រៀងបំពេអារម្មណ៍ទស្សនិកជនដូចកាលពីមុនបាន ប៉ុន្ដែកេរ្ដិ៍ឈ្មោះរបស់តារាស្រីរូបនេះ នៅតែត្រូវបានក្មេងៗជំនាន់ក្រោយស្គាល់ និង នឹករឭកដល់ជារឿយៗ។

ស្របពេលដែលកេរ្ដិ៍ឈ្មោះរបស់តារាចម្រៀងរៀមច្បង ទូច ស៊ុននិច នៅតែត្រូវបានមហាជននឹករឭក ស្រាប់តែថ្មីៗនេះ គណនីហ្វេសប៊ុកឈ្មោះ Touch Sunnix បានបង្ហោះរូបថត ២ សន្លឹកប្រៀបធៀបគ្នា ដោយ ១ ជារូបរបស់ខ្លួន និង អ្នកនាង ខាត់ សុឃីម រីឯមួយទៀតជារូបភាពរបស់ Miss Pre Teen Junior Idol World 2024 ជូរី ល្អហួស, ផេនខេក និង លោក វ៉ាន់ ដាវីត។

រូបភាពប្រៀបធៀបនោះ រៀមច្បង ទូច ស៊ុននិច បានរៀបរាប់ថា ៖ «សំឡេងច្រៀង និង ការសម្ដែងរបស់ប្អូនៗ និង ក្មួយស្រី ល្អហួស ក្នុងបទចម្រៀង (ស្រឡាញ់មួយណា?) ពិតជាមានទេពកោសល្យល្អណាស់! រីឯការតុបតែងខ្លួន សម្លៀកបំពាក់វិញ គឺស្អាតសមសួនណាស់ ឃើញហើយធ្វើឱ្យបងនឹកគិតថាបងកំពុងតែសម្តែងនៅក្នុងបទនោះអ៊ីចឹង ព្រោះកាយវិការសម្តែងរបស់ប្អូនៗ និង ក្មួយស្រីពិតជាដូចបងៗពេលសម្តែងបទនោះណាស់។ ហើយនាងខ្ញុំ ក៏អរគុណ និង ពិតជាមានមោទកភាពជាខ្លាំង ដោយការច្រៀង ការសម្តែង និង ការស្លៀកសម្លៀកបំពាក់របស់នាងខ្ញុំ បានធ្វើឱ្យប្អូនៗ និង ក្មួយៗជំនាន់ក្រោយយកធ្វើជាគំរូ។ ស្រឡាញ់ និង នឹករឭកដល់បងប្អូនទាំងអស់គ្នា»។

គួរជម្រាបថា នេះមិនមែនជាលើកទី ១ នោះទេ ដែលប្អូនៗសិល្បករជំនាន់ក្រោយ បានយកបទចម្រៀង និង ការស្លៀកពាក់តាមរៀមច្បង ទូច ស៊ុននិច។ កន្លងមក ជូរី ល្អហួស ក៏ធ្លាប់បានស្លៀកសម្លៀកបំពាក់ និង លើកយកចម្រៀងរបស់តារាចម្រៀង ទូច ស៊ុននិច មកបកបង្ហាញដែរ៕

អត្ថបទដែលជាប់ទាក់ទង