ម៉ាក សែនសូនីតា កាន់តែឃ្លាតឆ្ងាយពីវិស័យសម្ដែងផ្សេងៗ ទៅសំងំធ្វើជាថៅកែស្រីលើមុខជំនួញធំៗវិញ
កាលពីឆ្នាំ ២០២០ កន្លងទៅ តារាសម្ដែង ម៉ាក សែនសូនីតា ចាប់ផ្ដើមឃ្លាតឆ្ងាយពីវិស័យសិល្បៈបន្តិចម្ដងៗ ពោលគឺចាប់តាំងពីអ្នកនាងលាភាពនៅលីវ ហើយចាប់លោក ប៉ុល វិបូរ រៀបការតាមប្រពៃណី សាងជីវិតគ្រួសារយ៉ាងពេញលេញ ដោយមកដល់ពេលនេះ ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ទទួលបានកាដូកូនប្រុស ២ នាក់ហើយ។
ចាប់តាំងពីរៀបការ ក្លាយជាភរិយា និង ម្ដាយរបស់កូនៗ ម៉ាក សែនសូនីតា កាន់តែឃ្លាតឆ្ងាយពីវិស័យសម្ដែងផ្សេងៗ ដោយនាងលេចមុខចូលរួមតែក្នុងកម្មវិធីជួបជុំអ្នកសិល្បៈប៉ុណ្ណោះ ដោយអ្នកនាង ដោយយកពេលវេលាភាគច្រើនផ្ដោតលើការមើលថែគ្រួសារ ជាពិសេសគឺមុខជំនួញ ដែលកំពុងមានស្អេកស្អះក្នុងដៃ។
និយាយដល់មុខជំនួញ អ្នកម៉ាកអភិជនរូបនេះ មានហាងគ្រឿងអលង្ការដ៏ធំមួយ ដែលកំពុងទទួលបានការគាំទ្រពីអតិថិជន។ ក្រៅពីជាថៅកែស្រីហាងគ្រឿងអលង្ការ តូតា ក៏មានហាងកាហ្វេ ដ៏ធំមួយដែរ ហើយថ្មីៗនេះ ម៉ាក សែនសូនីតា ក៏កំពុងមមាញឹកខ្លាំងទៅលើការមើលថែផ្ទះសំណាក់មួយកន្លែងដែលស្ថិតនៅកោះស្ដេច។
ជារឿយៗគេឃើញតារាស្រីរូបនេះ ថតបង្ហាញពីទេសភាពដ៏ស្រស់ត្រកាល មានទីធ្លាធំល្វឹងល្វើយជាប់ទឹកសមុទ្រសក្បុស ដោយកន្លងមកក៏មានសិល្បករ សិល្បការិនីជាច្រើន នាំគ្នាទៅកម្សាន្ត ហើយទទួលបានការស្វាគមន៍យ៉ាងយកចិត្តទុកដាក់ពីអ្នកនាង ម៉ាក សែនសូនីតា ដែលជាម្ចាស់ផ្ទះផងដែរ៕