អ្នកនាង ឡូរ៉ា ម៉ម ប្រាប់ស្ថានភាពពិតរបស់វណ្ណដា ក្រោយឮដំណឹងមរណភាពរបស់ ព្រឹទ្ធាចារ្យ គង់ ណៃ

កម្ពុជា៖ កាលពីរសៀលថ្ងៃទី២៨ខែមិថុនាម្សិលមិញនេះ ប្រជាជនកម្ពុជា ថ្នាក់ដឹកនាំ ក៏ដូចជាសិល្បករទាំងអស់មានការសោកស្ដាយជាខ្លាំង បន្ទាប់ពីលោកតា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាព នៅផ្ទះរបស់លោកតា ឯស្រុកកំណើត ដោយរោគាពាធ ក្នុងជន្មាយុ៨០ឆ្នាំ។

ភ្លាមៗបន្ទាប់ពីបានដឹងដំណឹងនេះ មានការបង្ហោះសារចូលរួមរំលែកទុក្ខហូរហែ ព្រមជាមួយនូវការសោកសង្រេងជាខ្លាំង ព្រោះលោកតាព្រឹទ្ធចារ្យ គង់ ណៃ ជាមរតកមនុស្សរស់ចាប៉ីដងវែង។

ទន្ទឹមគ្នានេះ មានអ្នកគាំទ្រព្រួយបារម្ភពីស្ថានភាពផ្លូវចិត្តរបស់តារាចម្រៀងរ៉េបដ៏ល្បីឈ្មោះលោក វណ្ណដា (VannDa) ដែលលោកមានទំនាក់ទំនងជិតស្និទ្ធដូចជាគ្រូ-សិស្ស ជាមួយនឹងលោកតាព្រឹទ្ធចារ្យ គង់ ណៃ ដោយវណ្ណដាធ្លាប់ទទួលបានកិត្តិយសច្រៀងបទ “Time To Rise” ដ៏ល្បីកក្រើកជាមួយនឹងលោកតា ដោយសារតែពេលនេះ ពេលលោកវណ្ណដា កំពុងស្ថិតនៅឯអាមេរិក ចូលរួមកម្មវិធីប្រគុំតន្ត្រី Saibadee Fest ។

យ៉ាងណាមិញ អ្នកនាង ឡូរ៉ា ម៉ម ដែលជាម្ចាស់ផលិតកម្មបារមី បានបង្ហោះសំំណេរមួយចូលរួមរំលែកទុក្ខដល់គ្រួសារលោកតាព្រឹទ្ធចារ្យ គង់ ណៃ ហើយបានឆ្លៀតបង្ហើបពីស្ថានភាពវណ្ណដាថា៖

ខណៈពេលដែលនាងខ្ញុំកំពុងសរសេរលិខិតនេះផងដែរ វណ្ណដានៅបន្តយំ​មិន​ឈប់ ហើយគាត់មិនទាន់បាន​ងើបខ្លួន​ពី​កៅអីនៅឡើយទេ។ នៅពេលនេះ ផ្លូវចិត្តរបស់គាត់កំពុងទទួលការប៉ះទង្គិចជាខ្លាំង។ នាងខ្ញុំ​ដឹង​ថា ​គាត់​មាន​ពាក្យ​ពេចន៍ជាច្រើនដែលគាត់ចង់បរិយាយ ប៉ុន្តែសម្រាប់នាទីនេះ គាត់នឹងត្រូវការ ការយោគយល់និងពេ​លវេលាខ្លះដើម្បីសម្រួលផ្លូវអារម្មណ៍នេះ។

 អ្នកនាង ឡូរ៉ា ម៉ម

វីដេអូ លោកវណ្ណដា បានបង្ហោះក្រោយ​​​ដឹងដំណឹងមរណភាព លោកតា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ

សូមឲ្យដួងវិញ្ញាណកន្ធលោកតាព្រឹទ្ធចារ្យ កោសល្យវោហារ គង់ ណៃ បានទៅកាន់សុគតិភពកុំឲ្យឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង