ចាប់បានជនសង្ស័យ សម្លា./ប់សង្សារខ្លួនឯងនៅបន្ទប់ជួលហើយ ថែមសារភាពពីមូលហេតុច្បាស់ៗ

កាលពីយប់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ មានករណីឃាតកម្មសម្លាប់ នៅចំណុចបន្ទប់ជួលគ្មានលេខជាន់ទី ១ ទីតាំងលេខ ២៣ ផ្លូវលេខ ២៨៧ ភូមិ ១១ ក្រុម ៤១ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោគ រាជធានីភ្នំពេញ ដែលបង្កដោយបុរសម្នាក់ ច្របាច់កសម្លាប់សង្សារខ្លួនឯង។

ទាក់ទិនទៅនឹងរឿងនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៤ ​បានបញ្ជាក់ឱ្យបានដឹងថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបំបែកសំណុំរឿង ច្របាច់កសម្លាប់សង្សាខ្លួន ព្រោះភ្លើងប្រច័ណ្ឌនៅខណ្ឌទួលគោក ជនដៃដល់ចាប់ខ្លួនបាននៅខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំណត់បានទីតាំងលាក់ខ្លួន និងឈានដល់ការចាប់ខ្លួន នៅយប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ នៅចំណុចមុខវិទ្យាល័យអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ ចាន់ ដាលីន អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋាន ស៊ីក នេតឈ័រ កូហ្វីលអេនផាប ទីលំនៅស្នាក់នៅបន្ទប់កើតហេតុខាងលើ និងទីលំនៅកំណើតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ដោយឡែក សពជនរងគ្រោះឈ្មោះ សួន មករា ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែ មុខរបរបុគ្គលិកភោជនីយ៍ដ្ឋាន ស៊ីក នេតឈ័រ កូហ្វីលអេនផាប ទីលំនៅស្នាក់នៅបន្ទប់កើតហេតុខាងលើ។

ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនច្របាច់កសម្លាប់នារីដែលជាសង្សារ ព្រោះតែរឿងប្រច័ណ្ឌ។ ក្រោយឃាត់ខ្លួនកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនដៃដល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី៕

ប្រភព ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ

អត្ថបទដែលជាប់ទាក់ទង