ករណីគួរឱ្យប្រុងប្រយ័ត្នថ្មីមួយទៀតហើយ ក្មេងប្រុសអាយុ ១២ ឆ្នាំនៅបាត់ដំបង ចូលចិត្តផឹកគ្រឿងកំប៉ុងផ្អែមៗ ត្រូវលាងឈាមរាល់អាទិត្
ករណីគួរឱ្យប្រុងប្រយ័ត្នថ្មីមួយទៀតហើយ ចាត់ទុកជាបទពិសោធសម្រាប់ឪពុកម្ដាយ ឬអ្នកដែលជាអាណាព្យាបាលគ្រប់រូប គួរយកចិត្តទុកដាក់ចំពោះការហូបចុករបស់កូនៗតូចៗ ខណៈបច្ចុប្បន្ននំណីផ្សេងៗជាច្រើន ហាក់មិនស័ក្ដិសមឱ្យកុមារទទួលទានឡើយ ជាពិសេសបើកុមារទទួលទានជាប្រចាំទៀតនោះ បណ្ដាលឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់ ហើយអាចនឹងប៉ះពាល់ដល់អាយុជីវិតកុមារក៏ថាបាន។
ជាក់ស្ដែងករណីក្មេងប្រុសអាយុ ១២ ឆ្នាំដែលរស់នៅខេត្តបាត់ដំបងម្នាក់ ជំងឺខូចតម្រង់នោម តម្រូវឱ្យលាងឈាមជាប្រចាំទាំងវ័យក្មេង ដោយសារក្មេងប្រុសរូបនេះ ចូលចិត្តផឹកភេសជ្ជៈកំប៉ុងផ្អែមៗជាប្រចាំរាល់ថ្ងៃ ជួនកាលក្នុងមួយថ្ងៃ ផឹកអស់ ២ កំប៉ុងក៏មាន។
តាមការបង្ហោះពីផេក ពេទ្យសម័យថ្មី បានចែករំលែកនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ ឱ្យដឹងថា កុមារាអាយុ ១២ ឆ្នាំខាងលើ មានឪពុកជាគ្រូបង្រៀនសាលាបឋមសិក្សា ចំណែកឯម្ដាយគឺជាអ្នកធ្វើនំខ្មែរលក់នៅក្នុងផ្សារ ស្ថិតនៅខេត្តបាត់ដំបង បាននាំកូនប្រុសអាយុ ១២ ឆ្នាំធ្វើដំណើរមកមន្ទីរពេទ្យរដ្ឋនៅភ្នំពេញដើម្បីលាងឈាម។ ម្ដាយកុមារារូបនេះបានឱ្យដឹងថា គាត់បានយកកូនទៅលាងឈាមនៅខេត្តដែរ ប៉ុន្តែកូនគាត់អត់ស្រួលខ្លួនបន្ទាប់ពីលាងឈាម ហេតុនេះទើបយកមកភ្នំពេញ ប៉ុន្តែមកដល់ពេទ្យភ្នំពេញ កូនគាត់នៅតែអត់ស្រួលខ្លួនបន្ទាប់ពីលាងរួច ដែលធ្វើឱ្យក្អួត ឈឺក្បាល ញ៉ាំអីមិនបានជាដើម។
ពេលគ្រូពេទ្យសួរនាំម្ដាយអ្នកជំងឺ មូលហេតុអ្វីបានជាដឹងថាកូនខូចក្រលៀន គាត់បានឆ្លើយថា គាត់បានឃើញកូនគាត់កាន់តែស្លេកស្លាំងទៅហើយគាត់ឈឺក្បាល និងប្រកាច់ទៀតផង បន្ទាប់មកគាត់ក៏បានយកកូនគាត់ទៅពេទ្យកុមារនៅខេត្តសៀមរាប បានដឹងថាកូនគាត់ខូចក្រលៀនហើយ ត្រូវលាងឈាមជារៀងរាល់អាទិត្យ ហើយខាងពេទ្យកុមានៅសៀមរាបបានប្រាប់ថា ខាងគេអត់មានកន្លែងលាងឈាមទេ។
ម្តាយអ្នកជំងឺ បន្តទៀតថា កូនគាត់តែងតែលួចផឹកគ្រឿងកំប៉ុងផ្អែមៗជារៀងរាល់ថ្ងៃ ហើយខាងគ្រូពេទ្យក៏បានសួរទៅប្អូនប្រុសផ្ទាល់គាត់ថាគាត់ចូលចិត្តផឹក ថ្ងៃខ្លះ 2 កំប៉ុងក៏មានដែរ ព្រោះផឹកទៅឆ្ងាញ់ហើយបានរង្វាន់ទៀត៕