អ្នកនាង សឿ សុធារ៉ា ធ្លាប់ជាកំពូលតារាមានឈ្មោះល្បីសុសសាយ បែរជួបជីវិតកម្សត់រងទុក្ខឥតស្រាកស្រាន្ត
កាលពីជំនាន់ខ្ទង់ឆ្នាំ ២០០០ នៅក្នុងវិស័យសិល្បៈទូទាំងស្រុកខ្មែរទាំងមូល អាចនិយាយបានថា ទាំងក្មេងចាស់ប្រុសស្រី ភាគច្រើនសុទ្ធតែបានស្គាល់ពីកេរ្ដិ៍ឈ្មោះដ៏ល្បាញល្បីរបស់កំពូលតារាភាពយន្តដ៏ឆ្នើម អ្នកនាង សឿ សុធារ៉ា មិនខាន ដោយកាលនោះ អ្នកនាងមិនត្រឹមតែមានទេពកោសល្យយ៉ាងប៉ិនប្រសប់ក្នុងការសម្ដែងបានច្រើនទម្រង់ អាចបកស្រាយច្រៀង និង លេចមុខក្នុងចម្រៀងកាយវិការរាប់មិនអស់ទេ ចំណែកឯរូបឆោមលោមពណ៌ ក៏ស្រស់ផូរផង់ ស្អាតគួរឱ្យគយគន់មិនជិនណាយឡើយ។
តែគួរឱ្យសោកស្ដាយ ខណៈកំពុងទទួលបានប្រជាប្រិយភាពខ្លាំងសម្បើមពីសំណាក់ទស្សនិកជន ត្រឹមតែមួយប៉ប្រិចភ្នែក វាហាក់ក្លាយទៅជាសុបិនមួយដែលយើងធ្លាប់ឆ្លងកាត់ក្នុងជីវិតពិត ពោលគឺបន្ទាប់ពីអ្នកនាង សឿ សុធារ៉ា សម្រេចចិត្តរៀបការជាមួយលោក សាពូន មីដាដា មក ប្រជាប្រិយភាពរបស់អ្នកនាង ហាក់ថមថយចុះបន្តិចម្ដងៗ ដោយកាលនោះ អ្នកនាងត្រូវបែងចែកពេលវេលាមើលថែស្វាមី និង កូន កសាងគ្រួសារមួយប្រកបដោយសុភមង្គល មិនសូវមានពេលវេលាប្រឡូកសិល្បៈដូចកាលពីមុនទៀតឡើយ។
ប៉ុន្មានឆ្នាំដំបូងបន្ទាប់ពីរៀបការ អ្នកនាង សឿ សុធារ៉ា ទទួលបានសេចក្ដីសុខយ៉ាងពេញលេញ ដោយបង្កើតបានកូនស្រីម្នាក់ និង កូនប្រុសម្នាក់ដ៏គួរឱ្យស្រឡាញ់ ចំណែកលោក សាពូន មីដាដា ក៏ស្រឡាញ់មើលថែនាង និង កូនបានយ៉ាងល្អ។ ហើយកាលនោះ សឿ សុធារ៉ា កម្របង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ឬចូលរួមសម្ដែងក្នុងខ្សែភាពយន្តផ្សេងៗណាស់ ធ្វើឱ្យអ្នកគាំទ្រនឹករឭកដល់នាងជាពន់ពេក។
ច្រើនឆ្នាំក្រោយមក ជីវិតគ្រួសាររបស់ សឿ សុធារ៉ា កាន់តែមានស្នាមញញឹមតិចទៅៗ រហូតផ្ទុះដំណឹងក្ដៅគគុកថា អ្នកនាង និង ស្វាមីបានលែងលះគ្នាហើយ។ អ្វីដែលអ្នកគាំទ្រស្មានមិនដល់ ការបង្ហាញខ្លួនរបស់ សឿ សុធារ៉ា ហាក់ដូចជាមនុស្សស្រីដែលមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរម្នាក់ ទន្ទឹមគ្នានោះ ម្ដាយជាទីស្រឡាញ់របស់នាងក៏ចែកឋាន ទាំងនាងគ្មានលុយនៅក្នុងខ្លួន ដោយលុយ ឡាន ផ្ទះ និង ទ្រព្យសម្បត្តិផ្សេង ក៏ពុំមានជាប់ខ្លួនឡើយ។ ទុក្ខបាត់ម្ដាយមិនទាន់ធ្វើចិត្តបានផង ទុក្ខមួយទៀតក៏ចូលមកដល់ រំលងមិនយូរប៉ុន្មាន សឿ សុធារ៉ា ក៏ត្រូវបាត់បង់លោកឪពុកម្នាក់ទៀត ធ្វើឱ្យនាងរស់នៅចិញ្ចឹមកូន ២ នាក់តែម្នាក់ឯង។
ធ្លាប់តែជាកំពូលតារាសម្ដែងមានឈ្មោះល្បី រកលុយបានពេញៗដៃ រស់នៅក្នុងផ្ទះធំ ជិះឡានទំនើប មានមនុស្សជុំវិញខ្លួនគោរពស្រឡាញ់ឆ្វេងស្ដាំ ពេលនេះជីវិត សឿ សុធារ៉ា ធ្លាក់ដល់ចំណុចសូន្រគ្មានអ្វីជាទីពឹង រកទីផ្សារការងារលែងបាន មានតែកូនៗជាក្ដីសង្ឃឹមធ្វើឱ្យនាងមានកម្លាំងរស់នៅបន្ត៕