ដើមហេតុនៃការឆេះរោងចក្រថ្មពិលនៅកូរ៉េ បង្កឱ្យមានមនុស្ស ២២ នាក់បាត់បង់ជីវិត (វីដេអូស្តែងៗ)
កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅនេះ មានករណីការផ្ទុះរោងចក្រថ្មពិលលីចូមមួយកន្លែងនៅតំបន់ Hwaseong ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង ដែលបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ និង ជាពិសេស គឺបានសម្លាប់ជីវិតបុគ្គលិករហូតដល់ទៅ ២២ នាក់ឯណោះ។
យ៉ាងណាមិញ វីដេអូនៃការចាប់ផ្តើមផ្ទុះកើតហេតុ ក៏ត្រូវបានគេបង្ហាញឱ្យឃើញផងដែរ។ ក្នុងនោះ គេឃើញថា នៅសុខៗថ្មពិលក៏បានផ្ទុះយកៗដោយខ្លួនឯង ឯបុគ្គលិកនៅជិតនោះ ក៏បាននាំគ្នាស្លន់ស្លោរទាញបំពង់ពន្លត់អគ្គិភ័យមកពន្លត់ជាបន្ទាន់ ប៉ុន្តែការពន្លត់មិនផលឡើយ ព្រោះថ្មពិលក៏ចាប់ផ្តើមផ្ទុះរាលដាលខ្លាំងទៅៗដោយមិនអាចគ្រប់គ្រងបាន រហូតបង្កឱ្យមានអណ្តាតភ្លើងហក់ឡើងយ៉ាងសន្ធោសន្ធៅតែម្តង។
ដោយឡែក ជាលទ្ធផលអគាររោងចក្រ ដែលមានកម្ពស់ ៣ ជាន់ និងផ្ទៃក្រឡា ២៣០០ ម៉ែត្រការ៉េ ក៏ត្រូវបានអគ្គិភ័យត្របាក់លេបស្ទើរតែទាំងអស់ ហើយក្នុងនោះ អាជ្ញាធរបានឱ្យដឹងថា អន្តរាគមន៍ការពន្លត់លើកដំបូងពិតជាពិបាកខ្លាំងណាស់ ព្រោះភ្លើងដែលឆេះពីសារធាតុលីចូម គឺពិបាកពន្លត់ជាមួយនឹងទឹក។
តែយ៉ាងណាក៏ដោយ ចុងក្រោយ ខាងអាជ្ញាធរក៏បានគ្រប់គ្រងស្ថានការណ៍ និង ពន្លត់បានសម្រេច ហើយក៏ប្រញាប់ចូលទៅសង្រ្គោះបុគ្គលិកដែលជាប់នៅក្នុងអគារ ដោយរកឃើញអ្នកស្លាប់ចំនួន ២២ នាក់ ៨ នាក់របួស និង ១ នាក់ទៀត បានបាត់ខ្លួន៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ New York Post